ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញប្រកាសសុពលភាពសមាជិក ក្រុមប្រឹក្សាឃុំអង្គតាសោម សម្រាប់អាណត្តិទី៥
នៅសាលាឃុំអង្គតាសោម ស្រុកត្រាំកក់ នារសៀលថ្ងៃចន្ទ ទី០៤ ខែកក្ដដា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំអង្គតាសោម អាណត្តិទី៥ ឆ្នាំ២០២២ ។
មានមតិសំណេះសំណាល និងផ្ដាំផ្ញើនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងឱ្យដឹងថា នៅឃុំអង្គតាសោម មានសមាជិក ក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏សមាជិកក្រុមប្រឹក្សាឃុំថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្ត បន្ដថា សមាជិកក្រុមប្រឹក្សាឃុំអង្គតាសោមដែលប្រកាសសុពលភាពនាពេលនេះ ត្រូវបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេស ដោះស្រាយបញ្ហា និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតឱ្យបានល្អប្រសើរជាងអាណត្តិមុនៗ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕