Uncategorized

មន្ត្រីច្រកទ្វារបឹងត្រកួនកំពុងបើកដៃ បណ្ដោយឱ្យក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធពីប្រទេសថៃ មកខ្មែរយ៉ាងគគ្រឹកគគ្រីងជារៀងរាល់ថ្ងៃ។

បន្ទាយមានជ័យ៖ ពលរដ្ឋរស់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្បែរច្រកទ្វារបឹងត្រកួន ក្នុងស្រុកថ្មពួក បានបង្ហើបប្រាប់ អង្គភាពសារព័ត៌មាន យើងកាលពីរសៀលថ្ងៃទីចន្ទទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ទំនិញគេចពន្ធស្ទើរតែគ្រប់មុខ ត្រូវបានក្រុមឈ្មួញទុច្ចរិតដឹកតាមរថយន្តចេញពីប្រទេសថៃទាំងយប់ទាំងថ្ងៃ យកទៅចែកចាយក្នុងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនបានយ៉ាងរលូន ព្រោះសមត្ថកិច្ចការពារច្រក បានគប់គិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយស៊ីសំណូកសូកប៉ាន់…។

ប្រភពពីពលរដ្ឋបានឱ្យដឹងបន្តថា មិនថាយប់ឬថ្ងៃទេ គេសង្កេតឃើញរថយន្តដឹកមនុស្ស និងទំនិញគ្រប់ប្រភេទ ឆ្លងកាត់កុងត្រូលច្រកទ្វារបឹងត្រកួន ដោយមានទាំងរថយន្តកាមរីឆ្លាម, ហាយឡែនឌ័រ, ស៊ាំយ៉ុង ជាដើម។ល។ បើកឆ្លងកាត់ច្រកទ្វារដោយគ្មានការត្រួតពិនិត្យល្អិតល្អន់ពីមន្ត្រីយាមកាមច្រកចេញចូលឡើយ ពោលគឺពួកគេបានដឹងតម្រុយគ្នាមុនជាស្រេច ដោយពេលរថយន្តបើកមកដល់មាត់ច្រក មានមន្ត្រីស្លៀកសំលៀកបំពាក់ជាជនស៊ីវិលទៅទទួលលុយ ហើយរថយន្តទាំងនោះ ក៏បើកចេញទៅដោយសុវត្ថិភាព។ ចំណែកទំនិញគេចពន្ធវិញ ពេលខ្លះក្រុមឈ្មួញលួចបង្កប់ក្នុងទំនិញបង់ពន្ធ និងខ្លះទៀតជាទំនិញគេចពន្ធសុទ្ធសាទតែម្ដង ដោយក្នុងមួយយប់ៗពួកគេដឹកចេញរាប់សិបតោនឯណោះ ដើម្បីយកទៅចែកចាយបន្តនៅទូទាំងប្រទេសកម្ពុជា។


ឈ្មួញរត់ពន្ធឆ្លងដែនខ្នាតតូចម្នាក់សុំលាក់អត្តសញ្ញាណ បានថ្លែងឱ្យដឹងថា សម្រាប់រថយន្តធន់ធំដឹកទំនិញផ្ទេរពីរថយន្តថៃ ស្ថិតនៅចំណុចមុខទីតាំងប៉ុស្តិ៍នគរបាលព្រំដែន ពួកគេមិនចុះបង់លុយតាមផ្លូវឱ្យសមត្ថកិច្ចដូចពួកលោក និងក្រុមឈ្មួញដឹកទំនិញគេចពន្ធតូចតាចឡើយ ព្រោះគេបង់ជាកញ្ចប់ប្រចាំខែទៅឱ្យនាយបុស្តិ៍ និងសាខាគយត្រួតពិនិត្យរួចរាល់ហើយ ដោយនៅរៀងរាល់ចុងខែមានមេការជាអ្នករត់ផ្លូវ ចូលទៅបង់ពន្ធជូនរដ្ឋផង និងបង់ពន្ធក្រោមតុជូនបងៗមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះផង។ មេការទាំងនោះបាននាំគ្នាចូលទៅបង់ពន្ធជូនរដ្ឋមែន ប៉ុន្តែមិនបង់ពន្ធត្រឹមត្រូវតាមចំនួនដឹកជាក់ស្តែងឡើយ។ ពេលខ្លះ ទំនិញដឹកមកចំនួន១០មុខត្រូវបង់ពន្ធ១០០ភាគរយ ពួកគេបង់តែពាក់កណ្តាលទេ ពាក់កណ្តាលទៀតទុកចែកមន្ត្រីជំនាញប្រចាំការនៅច្រក និងបែងចែកទៅឱ្យសមត្ថកិច្ចមូលដ្ឋានចម្រុះឈរជើងនៅទីនោះ ដោយពួកគេចែកគ្នាជាប្រព័ន្ធ ហើយធ្វើរបាយការណ៍បំភ្លៃថ្នាក់លើ។


យ៉ាងណា ជុំវិញករណីខាងលើ SBM News មិនទាន់អាចសុំការបំភ្លឺពីលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកបឹងត្រកួនបាននៅឡើយទេ គិតត្រឹមម៉ោងចេញផ្សាយនេះ ដ្បិតលេខទូរសព្ទរបស់លោកខលចូលគ្មានអ្នកទទួល ប៉ុន្តែបើតាមប្រធានទីស្នាក់ការត្រួតពិនិត្យច្រកតំបន់ព្រំដែនបឹងត្រកួន បានឱ្យដឹងនៅថ្ងៃចន្ទទី១០កុម្ភៈដដែលថា ទំនិញនាំចូលទាំងនោះសុទ្ធតែមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញពាក់ព័ន្ធនៅនឹងទីលានផ្ទាល់ សម្រាប់ការផ្ទេរទំនិញចូលមកក្នុងប្រទេសកម្ពុជា និងមានឯកសារបង់ពន្ធគយច្បាស់លាស់។ ចំពោះទំនិញគេចពន្ធ គឺមិនអាចចូលតាមច្រកនេះបានទេ ព្រោះពេលដឹកចេញពីមាត់ច្រកទៅដល់ទីរួមខេត្ត មានក្រុមគយចល័តជាច្រើនតាមត្រួតពិនិត្យបន្តទៀត។ទោះជាយ៉ាងណាក៏ដោយ ករណីក្រុមឈ្មួញទុច្ចរិតលួចដឹកទំនិញគេចពន្ធឆ្លងដែនតាមច្រកតំបន់បឹងត្រកួននេះ មិនមែនជារឿងថ្មីទេ ដ្បិតកន្លងមក ក៏មានការចង្អុលបង្ហាញពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករផងដែរ ដល់មន្ត្រីគយជំនាញឱ្យដាក់កម្លាំងចល័តនៅតាមការិយាល័យគយ ដើម្បីត្រួតពិនិត្យមើលបញ្ជីចំណូលចំណាយ និងចាត់វិធានការបច្ចេកទេសតាមប្រមាញ់បង្ក្រាបក្រុមឈ្មួញរត់ពន្ធទាំងនោះឱ្យមានប្រសិទ្ធភាព ប៉ុន្តែសកម្មភាពបង្ក្រាបទាំងនោះហាក់មានប្រសិទ្ធភាពតិចតួចណាស់ ព្រោះមានមន្ត្រីខិលខូចមួយចំនួនលួចប្រព្រឹត្តអំពើពុករលួយជាមួយក្រុមឈ្មួញ ធ្វើឱ្យរដ្ឋបាត់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយឆ្នាំៗ…៕

Related Articles

Back to top button