សមត្ថកិច្ចខេត្តកំពតបញ្ជូនក្រុមជើងខ្លាំងខាងវាយតប់ និងកាប់ម៉ូតូ ៦នាក់ទៅតុលាការពីបទហិង្សាមានស្ថានទម្ងន់ទោស
កំពត៖ កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពត កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជូនក្មេងទំនើងដែលពូកែខាងវាយតប់គ្នា និងកាប់ម៉ូតូ ចំនួន ៦នាក់ ទៅសាលាដំបូងខេត្ត ក្រោមបទសង្ស័យប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
លោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរងទទួលការងារផែនព្រហ្មទណ្ឌបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង ៦នាក់ ពាក់ព័ន្ធករណីខាងលើ រួមមាន ១.ឈ្មោះ ផុន ពន្លឺ ភេទប្រុស អាយុ ១៦ឆ្នាំ ២.ឈ្មោះ ឡាន់ ថុង ភេទប្រុស អាយុ ១៨ឆ្នាំ ៣. ឈ្មោះ ដោម ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ ៤.ឈ្មោះ ធឿន ភក្តី ភេទប្រុស អាយុ ១៨ឆ្នាំ ទាំង ៤នាក់រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ៥.ឈ្មោះ ជិន ចន្ថា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ៦.ឈ្មោះ ជន វណ្ណា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈីក ខេត្តកំពត។
លោកស្នងការរងបានរៀបរាប់ថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្មេងស្ទាវមួយក្រុមមានគ្នា ៨នាក់ ជិះម៉ូតូ ៤គ្រឿងត្រឡប់ពីដើរលេងក្នុងក្រុងកំពត។ លុះមកដល់ភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ពួកគេបានប្រទះឃើញយុវជនម្នាក់កំពុងជិះម៉ូតូម្នាក់ឯងក៏នាំគ្នាយកដាវ កាំបិត ដំបងដែក ដេញកាប់ និងវាយតែមិនបណ្តាលឱ្យរងរបួសទេ។ លោកវរសេនីយ៍ឯកបានបន្តថា ដោយសារជនរងគ្រោះរត់ចេញពីម៉ូតូ ពួកគេបានកាប់ និងវាយបំផ្លាញម៉ូតូនោះបណ្តាលឱ្យខូចខាតយ៉ាងដំណំ។
តាមបញ្ជារបស់លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ក្រោយទទួលបណ្តឹងពីជនរងគ្រោះ លោកក៏បើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ៦នាក់ ជាបន្តបន្ទាប់កាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ រួចកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងចាត់មារបន្ត។ ចំណែកជនសង្ស័យដែលកំពុងរត់គេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវដើម្បីនាំខ្លួនមកទទួលទោសតាមផ្លូវច្បាប់៕