ព័ត៌មានជាតិ

រថយន្តគ្មានពន្ធ ដែលបង្ក្រាបបាន ហើយម្ចាស់មិនចូលទៅដោះស្រាយ នឹងត្រូវចាប់ទុកជាទំនិញគ្មានការទាមទារ ដែលនឹងអាចដាក់លក់ដេញថ្លៃឡៃឡុង

ភ្នំពេញ ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា ចំពោះករណីរថយន្តគ្មានពន្ធ ដែលបង្ក្រាបបាន ហើយម្ចាស់រថយន្ត មិនព្រមចូលខ្លួនទៅដោះស្រាយ តាមវិធានការរដ្ឋបាល ពោលគឺត្រូវបង់ពន្ធ និងអាករនាំចូល បូករួមទាំងប្រាក់ពិន័យនោះ ដល់ពេលវេលាណាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងត្រូវចាត់ទុករថយន្តទាំងនោះ ជាទំនិញគ្មានការទាមទារ។

មានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់នៅក្នុងប្រទេស, លោក គុណ ញឹម បានបន្ថែមថា នៅពេលរថយន្តគ្មានពន្ធទាំងនោះ ក្លាយជាទំនិញគ្មានការទាមទារ ស្ថាប័នគយនិងរដ្ឋាករ នឹងសុំគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាល ដើម្បីដាក់លក់ដេញថ្លៃឡៃឡុង ក្នុងន័យនាំយកចំណូលជូនជាតិ។

បើតាមការបញ្ជាក់ពីលោកអគ្គនាយក បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ដាច់ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ, គយ និងរដ្ឋាករ បង្ក្រាបបានរថយន្តគ្មានពន្ធ និងអាករនាំចូល ជ្រកក្រោមស្លាកលេខផ្សេងៗ បានចំនួន៣៤២គ្រឿង ក្នុងនោះរថយន្តចង្កូតស្តាំមានចំនួន៧គ្រឿង៕

Related Articles

Back to top button