ព័ត៌មានអន្ដរជាតិ

អតីតនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្ស៊ួអាបេទទួលមរណភាពហើយ បន្ទាប់ពីការធ្វើឃាតពីខ្មាន់កំាភ្លើងនៅក្នុងទីក្រុងណារ៉ា ភាគខាងលិចជប៉ុន

ជប៉ុន៖ អតីតនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្ស៊ួអាបេ បានទទួលមរណភាពហើយ បន្ទាប់ពីទទួលរងនូវការបាញ់ប្រហារដោយខ្មាន់កំាភ្លើង អំឡុងពេលដែលរូបលោកឈរថ្លែងសុន្ទរកថា នៅក្នុងពិធីឃោសនាបោះឆ្នោតសភាជាន់ខ្ពស់នៅឯដែនដីណារ៉ាភាគខាងលិចប្រទេសជប៉ុននៅថ្ងៃសុក្រ ទី៨ ខែកក្កដាឆ្នំា២០២២នេះ។

ដោយយោងតាមបណ្តាញផ្សព្វផ្សាយអន្តរជាតិនានាបានឱ្យដឹងថា ក្រោយពីការបាញ់ប្រហារដោយខ្មាន់កំាភ្លើងមិនដល់ប៉ុន្មានម៉ោងប៉ុណ្ណោះលោកបានទទួលមរណភាព បើទោះបីជាមានការព្យាយាមជួយសង្គ្រោះអាយុជីវិតរបស់លោកគ្រប់មធ្យោបាយតាមលក្ខណៈវេជ្ជសាស្រ្តបែបណាក៍ដោយ។ អតីតនាយករដ្ឋមន្រ្តីរូបនេះបានបាត់បង់ជីវិតក្នុងមន្ទីរពេទ្យ។

ដោយឡែក បើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនឯណោះវិញ បានឱ្យដឹងបន្ថែមទៀតថា លោកស៊ីនហ្សូអាបេបានស្លាប់នៅក្នុងបន្ទប់សង្គ្រាះបន្ទាន់ក្នុងទីក្រុង Nara បន្ទាប់ពីក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រាះរូបលោកអស់រយៈពេលជាច្រើនម៉ោងរួចមក ក្រោយពីបានរងរបួសយ៉ាងធ្ងន់ធ្ងរចេញពីការបាញ់ប្រហារដោយខ្មាន់កាំភ្លើងមួយរូបកាលពីពេលព្រឹកព្រលឹមថ្ងៃស្រុកនេះ ។

លោកអាបេ ដែលមានវ័យ ៦៧ឆ្នាំ គឺជាអតីតនាយករដ្ឋមន្រ្តីជប៉ុនមួយរូបដែលបានកាន់តំណែងយូរជាងគេ និងត្រូវបានខ្មាំនកាំភ្លើងលួចបាញ់ចំពីខាងក្រោយខ្នងរបស់លោកខណៈដែលលោកកំពុងឈរថ្លែងសុន្ទរកថាទៅកាន់ពលរដ្ឋក្នុងយុទ្ធនាការឃោសនាមួយឱ្យគណៈបក្សប្រជាធិបតេយ្យសេរីរបស់លោកសម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់ដែលនឹងគ្រោងធើ្វឡើងនៅថ្ងៃអាទិត្យនេះ។

ដោយឡែកជនដៃដែលមានវ័យ៤១ឆ្នាំ ក៏ត្រូវបានអាជ្ញាធរជប៉ុនធើ្វការឃុំខ្លួនភ្លាមៗក្រោយពីបានបាញ់រួចភ្លាមៗ និងត្រូវបានក្រុមមេដឹកនាំនិងមហាជននៅក្នុងប្រទេសជប៉ុនធើ្វការថ្កោលទោសយ៉ាងខ្លំាងទៅលើអំពើឃោរឃៅមួយនេះផងដែរ។

គួររំលឹកថា លោកស៊ិនហ្ស៊ួអាបេ កើតក្នុងត្រកូលអ្នកនយោបាយដ៏ល្បីល្បាញមួយ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីឆ្នំា១៩៥៤។ លោកធ្លាប់ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីចំនួនពីរលើកពោលគឺ លើកទី១ ចាប់ពីឆ្នំា២០០៦ ដល់ឆ្នំា២០០៧។ លើកទី២ ចាប់ពីឆ្នំា២០១២ ដល់ឆ្នំា២០២០៕

សហប្រែសម្រួល៖ ប្រាក់ សម្ជស្ស និង វ័រ តុលា

ប្រភព៖ BBC/NHK

Related Articles

Back to top button