ពលរដ្ឋ ស្រីលង្កាប្រមាណ១០ម៉ឺននាក់ឡោមព័ទ្ធលំនៅដ្ឋានប្រធានាធិបតីទាមទារឱ្យចុះចេញពីតំណែងដោយសារតែអសមត្ថភាពក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចជាតិ
ស្រីលង្កា៖ នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដានេះ ប្រជាពលរដ្ឋស្រីលង្ការាប់ពាន់នាក់ បានសម្រុកចូលទៅកាន់លំនៅដ្ឋានរបស់លោកប្រធានាធិបតីស្រីលង្កា ក្នុងរដ្ឋធានីកូឡុំបូ ប្រមាណជា ១០ម៉ឺននាក់ កំពុងប្រមូលផ្តុំគ្នានៅខាងក្រៅ ក្នុងគោលបំណងទទូចឱ្យប្រធានាធិបតី Gotabaya Rajapaksa លាលែងចេញពីតំណែង ក្រោយពីអសមត្ថភាពក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសជាតិមិនអាចដំណើរការបានល្អប្រសើរនោះ។
យោងតាមការឱ្យដឹងពីមន្ទីរពេទ្យជាតិក្នុងប្រទេសស្រីលង្កា (NHSL) បញ្ជាក់ថា យ៉ាងហោចណាស់ មនុស្ស៣១នាក់ រួមនឹងមន្ត្រីនគរបាល ២រូប រងរបួស អំឡុងព្រឹត្តិការណ៍តវ៉ាកើតឡើង ដោយពួកគេទាំងអស់គ្នា កំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។ មន្ត្រីសមត្ថកិច្ច បញ្ជាក់បន្ថែមទៀតថា ជនរងគ្រោះរបួសស្នាមក្នុងអំឡុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នាជាមួយនឹងកងនគរបាល ត្រូវគេរកឃើញថាមាន ២នាក់ កំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។
ក្នុងហេតុការណ៍នេះ លោកប្រធានាធិបតី មិននៅកន្លែងនោះទេ ដោយបានគេចខ្លួនទៅកន្លែងផ្សេងរួចទៅហើយ។
មានការបញ្ជាក់មួយទៀត ពីថ្នាក់ក្រោមរបស់លោក ថាលោកបានបើកកិច្ចប្រជុំមួយជាបន្ទាន់ ជាមួយអ្នកពាក់ពន្ធ័ក្នុងជួរគណបក្ស ដើម្បីពិភាក្សា និងរកដំណោះស្រាយអំពីស្ថានភាពបច្ចប្បន្ននេះ។
ប្រភព៖ CNN