ព័ត៌មានអន្ដរជាតិ

ផ្ទុះកប៉ាល់ដឹកប្រេងនៅ ថៃ បំផ្លាញផ្ទះជាង ៧០ ខ្នង និងមនុស្សស្លាប់-របួសជាង ១០ នាក់ ទស្សនាវីដេអូ

ថ្ងៃព្រហស្បតិ៍ ១៩ មករា ២០២៣

ប្រទេស​ថៃ ៖ កប៉ាល់​ដឹក​ប្រេង​ខ្នាត​យក្ស​មួយ​គ្រឿង បាន​ផ្ទុះ​ឡើង​ដូច​ផ្ទុះ​គ្រាប់​បរមាណូ ដែល​កម្លាំង​រញ្ជួយ​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​ជាង ៧០ ខ្នង និង​សម្លាប់​មនុស្ស​ជាច្រើន​នាក់​ផង​ដែរ ខណៈ​ក្រុម​ជាង​កំពុង​ធ្វើការ​ជួសជុល។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ១០ នាទី​ព្រឹក ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០២៣ ត្រង់​ចំណុច​ភូមិ ៨ ឃុំ​ឡេះ​យ៉ៃ ស្រុក​មឿង ខេត្ត​សមុទ្រ​សុង​ក្រាម ប្រទេស​ថៃ ។

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​បញ្ជាក់​ថា កប៉ាល់ទឹក​ខ្នាត​យក្ស​មួយ​នេះ បាន​ចូល​ចត​ដើម្បី​ធ្វើការ​ជួសជុល តាំងពី​ថ្ងៃ​ទី ១២ មក​ម្ល៉េះ លុះ​មកដល់​ព្រឹក​ថ្ងៃ​កើតហេតុ ខណៈ​ដែល​ក្រុម​ជាង​កំពុង​ជួសជុល ដោយ​ខ្លះ​កំពុង​ផ្សារដែក​ផង ស្រាប់តែ​តួ កប៉ាល់​មួយ​នេះ បាន​ផ្ទុះ​ឡើង ព្រមទាំង​មាន​អណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ថែម​ទៀត​ផង។

នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ រថយន្ត​អគ្គិភ័យ​ប្រមាណ​ជាង ១០ គ្រឿង បាន​សម្រុក​មក​ជួយ​បាញ់​ពន្លត់​រហូត​ដល់​ម៉ោង ១ និង ២៥ នាទី ទើប​ស្ងប់ ដោយ​សមត្ថកិច្ច​បាន​អះអាង​ថា មាន​មនុស្ស​ស្លាប់​ភ្លាមៗ​ចំនួន ២ នាក់ រីឯ ៤ នាក់​ទៀត របួសធ្ងន់ កំពុង​បញ្ជូន​ទៅ​សង្គ្រោះ ព្រមទាំង​មាន​មនុស្ស​បាត់​ខ្លួន​ចំនួន ៦ នាក់​ផង​ដែរ។

យោង​តាម​តួលេខ កប៉ាល់​នេះ​មាន​ទម្ងន់ ២.៩៩៦ តោន និង​អាច​ផ្ទុក​ប្រេង​បាន ៣ លាន​លីត្រ ដោយឡែក​ពេល​ចូល​ចត​ដើម្បី​ជួសជុល​នេះ គឺ​មាន​ប្រេង​នៅសល់ ៤៥.០០០ លីត្រ ហើយ​ការ​ផ្ទុះ​កប៉ាល់​នេះ បាន​ធ្វើ​ឲ្យ​ផ្ទះ​នៅ​ក្នុង​តំបន់​នោះ ត្រូវ​បាន​ខូចខាត​ជាង ៧០ ខ្នង និង​ងាប់​សត្វ​ឆ្កែ និង​សត្វ​ពាហនៈ​មួយ​ចំនួន​ផង​ដែរ។

បច្ចុប្បន្ន ប្រជាពលរដ្ឋ កំពុង​ធ្វើការ​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ ជួយ​ដោះស្រាយ​ដើម្បី​ទាមទារ​សំណង​ដល់​ពួកគាត់៕

Related Articles

Back to top button