ព័ត៌មានអន្ដរជាតិ

បាតុករ១៨នាក់ ស្លា.ប់ និង ២៤៣នាក់ផ្សេងទៀតរងរបួសដោយសារតែការប៉ះទង្គិចគ្នាជាមួយនឹងអាជ្ញាធរអ៊ូសបេគីស្តង់លើការទាមទារកស្វ័យភាព

អ៊ូសបេគីស្តង់៖ ដោយយោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អាជ្ញាធរអ៊ូសបេគីស្តង់ បញ្ជាក់ថា មនុស្សចំនួន១៨នាក់បានស្លាប់ និង២៤៣នាក់រងរបួស ក្នុងអំឡុងពេលធ្វើបាតុកម្ម ដែលផ្ទុះឡើងកាលពីសប្តាហ៍មុន ជុំវិញគម្រោងការកាត់បន្ថយស្វ័យភាព ក្នុងតំបន់ស្វយ័តការ៉ាកកាល់ប៉ាក់ស្តង់ (Karakalpakstan) របស់ខ្លួន។
បណ្តាញផ្សព្វផ្សាយរបស់ ក្រុមឆ្មាំការពារជាតិ បានអះអាងបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា កងកម្លាំងសន្តិសុខបានឃាត់ខ្លួនក្រុមបាតុករចំនួន ៥១៦នាក់ បានដើរដង្ហែក្បួនឆ្លងកាត់ទីរួមខេត្តនូគូស (Nukus) កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្នុងទិសដៅសំដៅទៅកាន់អគាររដ្ឋាភិបាលចំនួន ១៦ ស្រុក ក្រោមគោលបំណងបង្កអស្ថេរភាព តែក្រោយមក កងកម្លាំងសន្តិសុខក៏បានដោះលែងក្រុមបាតុករជាច្រើននាក់ទៅវិញហើយដែរ។

កាលពីចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីអ៊ូសបេគីស្តង់ លោក ហ្សាកាត់ មីហ្ស៊ីយ៉ូយ៉េហ្វ (Shavkat Mirziyoyev) បានទម្លាក់ផែនការធ្វើវិសោធនកម្មមាត្រាខ្លះក្នុងរដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងស្វ័យភាព និងសិទ្ធិបំបែកខ្លួនក្នុងតំបន់ការ៉ាកកាល់ប៉ាក់ស្តង់ (Karakalpakstan) ដោយប្រកាសដាក់រដ្ឋនេះ ទៅក្នុងភាពអាសន្នរយៈពេលមួយខែពេញ សម្រាប់ខេត្តភាគពាយ័ព្យមួយនេះ។
ការិយាល័យរបស់ប្រធានាធិបតីកាហ្សាក់ស្តង់ លោក ខាស៊ីម ហ្សូម៉ាត់ តូកាយ៉េហ្វ (Kassym-Jomart Tokayev)បញ្ជាក់ថា កាហ្សាក់ស្តង់ស្វាគមន៍ចំពោះវិធានការរបស់រដ្ឋធានីថាសស្កេន (Tashkent) របស់អ៊ូសបេគីស្ថង់ ដើម្បីធានាស្ថិរភាពក្នុងតំបន់ស្វ័យតការ៉ាកកាល់ប៉ាក់ស្តង់ (Karakalpakstan)៕
ប្រភព៖ Reuters Connect

Related Articles

Back to top button