ព័ត៌មានអន្ដរជាតិ

អាជ្ញាធរអូស្ត្រាលីប្រកាសអាសន្នដល់ពលរដ្ឋឱ្យចាកចេញពីលំនៅដ្ឋាន ទៅកាន់កន្លែងមានសុវត្ថិភាពខណៈដែលប្រទេសនេះកំពុងតែទទួលរងជំនន់ទឹកភ្លៀងក្នុងកម្រិតខ្ពស់ បន្តទៀត

អូស្រ្តាលី៖ មានការប្រកាសអាសន្នឱ្យ មនុស្សរាប់ពាន់នាក់ ធ្វើជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ដោយសារតែទឹកជំនន់នឹងរំកិលមកដល់តំបន់ឆាប់ៗ ស្របពេលដែលភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ ញូវ សោត វែល (New South Wales) ប្រទេសអូស្ត្រាលី ចាប់តាំងពីថ្ងៃសៅរ៍ នៅតែបន្តធ្លាក់ឥតឈប់។

ក្រសួងឧតុនិយមរបស់អូស្ត្រាលី (BoM) ព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅទូទាំងរដ្ឋ ញូវ សោត វែល (New South Wales) លើសពី ២០០ មីលីម៉ែត្រ ចាប់ពីថ្ងៃសៅរ៍ នឹងអាចបង្កជាជំនន់ទឹកភ្លៀងក្នុងទំហំធំរហូតដល់សប្តាហ៍បន្ទាប់។
កម្រិតទឹកទន្លេ ចចជេស រីវើ (Georges River) ស្ថិតនៅភាគនិរតីក្នុងទីក្រុងស៊ីដនី (Syney) របស់អូស្ត្រាលី ហក់ឡើងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងពេញមួយយប់ បង្កជាទឹកជំនន់ លិចផ្លូវហាយវេ និងស្ពានមួយចំនួន ខណៈអាជ្ញាធរ កាលពីព្រឹកថ្ងៃចន្ទ ធ្វើការប្រកាសអាសន្នដល់ប្រជាជនរាប់ពាន់នាក់ក្នុងតំបន់ទំនាបភាគនិរតីទីក្រុងស៊ីដនី ឱ្យផ្លាស់ទីលំនៅជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសៅរ៍ នាយកដ្ឋានឆ្លើយតបគ្រោះអាសន្នរបស់អូស្ត្រាលី បានទទួលការហៅទូរសព្ទ័សង្គ្រោះបន្ទាន់ជាង ១,០០០ ករណី និងបានបញ្ជូនក្រុមជួយសង្គ្រោះរាប់សិបនាក់ភ្លាមៗទៅកាន់តំបន់រងគ្រោះ។
បន្ថែមលើសពីនេះទៀត ផ្លូវរថភ្លើងតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរដ្ឋ ញូវ សោត វែល (New South Wales) ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន បន្ទាប់ពីក្រសួងឧតុនិយម ព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំង ក្នុងរដ្ឋ ញូវ សោត វែល (New South Wales) អាចនឹងបន្តរយៈពេលមួយសប្តាហ៍ថែមទៀត៕

Related Articles

Back to top button