ព័ត៌មានជាតិ

មនុស្ស.៤នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយក្រឡាប់រថយន្ត នៅលើផ្លូវល្បឿនលឿន.!

កំពង់ស្ពឺ)៖ មនុស្ស ៤នាក់ ត្រូវបានសមត្ថកិច្ចជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែល រថយន្តស៊េរីទំនើបមួយគ្រឿង ក្រឡាប់ច្រើនត្រឡប់ នៅលើកំណាត់ផ្លូវល្បឿនលឿន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត ៤រសៀល ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២២ ម្សិលមិញ នៅចំណុចភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួច បានឱ្យដឹងថា នៅមុនពេលកើតហេតុមាន រថយន្តមួយគ្រឿង ម៉ាកអាល់ហ្វាត (ALPHARD) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BF-8590 បើកបរដោយឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានដឹកអ្នកដំណើរជាជនជាតិកូរ៉េ ៣នាក់ និងស្ត្រីជាជនជាតិខ្មែរម្នាក់ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ។

 

នគរបាលបានឱ្យដឹងទៀតថា រថយន្តខាងលើ គឺបានបើកបរតាមបណ្ដោយផ្លូវល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច ក្នុងគន្លងខាងឆ្វេងដៃ លុះមកដល់ចំណុចខាងលើ បានគេចរថយន្តមួយគ្រឿងទៀតដែលមិនស្គាល់ម៉ាក រួចអ្នកបើកបរជាន់ហ្វ្រាំងពេលរថយន្ដកំពុងស្ថិតក្នុងល្បឿនលឿន បណ្ដាលឱ្យក្រឡាប់ជាច្រើនត្រឡប់ ធ្វើឱ្យអ្នកជិះក្នុងរថយន្តរងរបួសធ្ងន់ទាំង ៤នាក់ តែម្ដង ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញបានដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ ចំណែករថយន្ត សមត្ថកិច្ចបានស្ទូចយកទៅរក្សាទុកនៅអធិការស្រុកភ្នំស្រួច ៕

  1.    

Related Articles

Back to top button