ព័ត៌មានជាតិ

ខេត្តព្រៃវែងផលិតស្រូវជាមធ្យម បានចំនួន១,៥លានតោនក្នុងមួយឆ្នាំ និងសល់សម្រាប់នាំចេញប្រមាណ១លានតោន

(ព្រៃវែង)៖ ថ្លែងនៅក្នុងពិធីសម្ពោធឡើងវិញនូវសមិទ្ធផលនានារបស់សាលាបឋមសិក្សា និងអនុវិទ្យាល័យមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ស្ថិតនៅក្នុងឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអះអាងថា ស្ថានភាពភូមិសាស្ត្រខេត្តព្រៃវែង មានអំណោយផលលើវិស័យផលិតកម្មកសិកម្ម ដែលប្រជាកសិករអាចធ្វើកសិកម្មបានពី២ទៅ៣ដងក្នុងមួយឆ្នាំ ក្នុងនោះ ខេត្តព្រៃវែងផលិតស្រូវជាមធ្យមបានចំនួន១,៥លានតោន ក្នុងមួយឆ្នាំ និងសល់សម្រាប់នាំចេញប្រមាណ ១លានតោន និងបានធ្វើឱ្យខេត្តផលិតស្រូវច្រើនជាងគេនៅទូទាំងប្រទេស។

លោកបានបន្ថែមថា ខេត្តព្រៃវែង ក្រោមការជួយឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិ ជាពិសេសក្រោមការចង្អុលណែនាំ ផ្ទាល់ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រដ្ឋបាលខេត្តបានខិតខំប្រមូលផ្តុំ គំនិតស្មារតីដឹកនាំអភិវឌ្ឍន៍ខេត្តឲ្យមានការ រីកចម្រើនជាបន្តបន្ទាប់។

លោកបានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង និងក្នុងនាមលោកផ្ទាល់ សូមស្នើសុំលោកឯកអគ្គរដ្ឋទូតជួយជំរុញណែនាំឲ្យអ្នកវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគនៅប្រទេសកម្ពុជា ពិសេសនៅខេត្តព្រៃវែង ដើម្បី រួមចំណែកលើកកម្ពស់ផលិតភាពលើវិស័យកសិកម្ម ពលរដ្ឋបានល្អប្រសើរឡើងក៏ដូចជាបង្កើនកម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ថា រយៈកាលកន្លងមក លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ក៏ធ្លាប់បានចុះពិនិត្យនៅតាមទីតាំងរោងម៉ាស៊ីនកិនស្រូវស្តង់ដា នៅស្រុកស្វាយអន្ទរជាមោទនភាពមួយសម្រាប់ខេត្តព្រៃវែង អញ្ចឹងហើយដោយសារប្រទេសឥណ្ឌូនេស៊ី គឺមានប្រជាជនច្រើនគឺអាចមកវិនិយោគលើវិស័យកសិកម្មដើម្បីផលិតអង្ករនេះផងដែរ។

លោកបានបន្ថែមថា នៅអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានផ្ដោតសំខាន់ទៅលើមនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាអញ្ចឹងតាមរយៈបដិបទ នៃស្ថានភាពខេត្តព្រៃវែង មានសក្កានុពលផ្នែកកសិកម្ម រដ្ឋបាលខេត្តបានសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅតាមតំបន់ជនបទនានា ជាពិសេសពាក់ព័ន្ធនិងផ្លូវនៅតាមភូមិ ឃុំ និងរៀបចំជាប្រព័ន្ធប្រឡាយទឹក ដើម្បីផ្គត់ផ្គង់ដំណាំស្រូវតាមស្រែរបស់ ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ដែលអាចធ្វើស្រូវបានក្នុងមួយឆ្នាំ ពី២ ទៅ៣ដងឯណោះ៕

Related Articles

Back to top button