ព័ត៌មានអន្ដរជាតិ

អាជ្ញាធរអាម៉េរិកក្នុងរដ្ឋតិចសាស់រកឃើញសាកសពមនុស្ស ៤៦នាក់នៅក្នុងទូកុងតឺន័រដឹកទំនិញមួយគ្រឿង គេសង្ស័យថាជាករណីជួញដូរមនុស្ស

សហរដ្ឋអាម៉េរិក៖ តាមមន្ត្រីអាជ្ញាធរទីក្រុង San Antonio ក្នុងរដ្ឋតិចសាស់របស់សហរដ្ឋអាម៉េរិកបានឱ្យដឹងថា មានសាកសពដែលគេសង្ស័យថាជាជនចំណាកស្រុកដែលគេនាំឆ្លងដែនដោយខុសច្បាប់តាមច្រកព្រំដែនប្រទេសម៉ិកស៊ិកកូចំនួន ៤៦នាក់ ត្រូវបានគេរកឃើញនៅក្នុងទូឡានកុងតឺន័រដឹកទំនិញមួយកាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលជាហេតុការណ៍ដ៏សោកសៅមួយបណ្ដាលមកពីការព្យាយាមឆ្លងដែនដោយខុសច្បាប់ចូលមកក្នុងទឹកដីសហរដ្ឋអាម៉េរិក។
ក្រៅតែពីអ្នកដែលបានស្លាប់ចំនួន ៤៦រូប ក៏មានអ្នកនៅរស់រានមានជីវិតចំនួន ១៦នាក់ផ្សេងទៀតដែលគេរកឃើញដេកសន្លប់ស្ដូកស្ដឹងដោយសារតែកង្វះខ្យល់ដកដង្ហើមនិងត្រូវបានគេបញ្ជូនទៅសង្គ្រាះនៅឯមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរនោះក៏មានទាំងអនីតិជនចំនួន ៤នាក់ផងដែរ។


តាមការបញ្ជាក់បន្ថែមពីមន្រ្តីអាជ្ញាធរក្នុងតំបន់នៅក្នុងសន្និសីទសារព័ត៌មានមួយក៏បានឱ្យដឹងដែរថា ស្បែករបស់ក្រុមជនរងគ្រោះដែលនៅរស់រានមានជីវិតទាំងនោះគឺមានសភាពក្តៅខុសពីធម្មតា ដែលវាបណ្ដាមកពីការខ្សោះជាតិទឹកក្នុងខ្លួនដោយសារតែប្រឈមទៅនឹងកំដៅក្ដៅខ្លាំងនៅក្នុងទូកុងតឺន័រអស់រយៈពេលយូរ បើទោះបីជាឡានកុងតឺន័រដឹកទំនិញមួយគ្រឿងនេះគឺជាប្រភេទដែលមានបំពាក់ទៅដោយប្រព័ន្ធម៉ាស៊ីនត្រជាក់ក៏ដោយ ពីព្រោះតែភាពជាក់ស្តែងទៅគេមិនឃើញមានប្រព័ន្ធម៉ាស៊ីនត្រជាក់ណាមួយត្រូវបានគេបំពាក់នៅខាងក្នុងទូកុងតឺន័រនោះទេ។

នៅក្នុងហេតុការណ៍ខាងលើនេះដែរក្រុមអាជ្ញាធរក៏បានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ដើម្បីធើ្វការសាកសួរ ចំណែកឯអ្នកនាំពាក្យខាងស្ថាប័នក្រសួងអន្តោប្រវេសន៍វិញបាននិយាយថា ខាងក្រុមស៊ើបអង្កេតរបស់ស្ថាប័នក្រសួងសន្ដិសុខជាតិអាម៉េរិកកំពុងតែធើ្វការស៊ើបអង្កេតលើករណីរត់ពន្ធមនុស្សឆ្លងដែនដោយខុសច្បាប់ ដោយសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានទៅលើករណីមួយនេះ។

គួរបញ្ជាក់ដែរថា រដ្ឋតិចសាស់ជាតំបន់មានការធ្លាក់ទឹកកកជាញឹបញប់ក្នុងរដូវរងា ប៉ុន្តែក៏មានអាកាសធាតុក្តៅណាស់ដែរសម្រាប់តំបន់មួយចំនួននារដូវក្តៅនេះមានសីតុណ្ហភាពជាមធ្យមប្រមាណជាង ៣៥អង្សាសេ ចំណែកឯក្នុងទីក្រុង San Antonio មានចម្ងាយប្រហែល ២៥០គីឡូម៉ែត្រពីពំ្រដែនរបស់ប្រទេសម៉ិកស៊ិកកូ សីតុណ្ហភាពកើនឡើងប្រមាណជិត៤០អង្សាសេកាលពីថ្ងៃចន្ទកន្លងទៅនោះ។ ភាពធ្វេសប្រហែសលើកត្តាអាកាសធាតុមួយនេះក៏អាចជាមូលហេតុដែលបង្កឱ្យមានឧប្បត្តិហេតុខាងលើនេះកើតឡើង៕

Related Articles

Back to top button