សិស្សសាលាវិទ្យាល័យហ៊ុន សែន ប្រម៉ោយចំនួន១៣នាក់ដួលសន្លប់ពុំដឹងមូលហេតុ
នៅ ថ្ងៃសុក្រ ៣ កុម្ភៈ ២០២៣ដោយ
ពោធិ៍សាត់ ៖ ក្មេងស្រីជំទង់ៗដែលជាសិស្សវិទ្យាល័យហ៊ុន សែន ប្រម៉ោយ ចាប់ពីថ្នាក់ទី០៩ដល់ថ្នាក់ទី១២បានដួលសន្លប់ក្នុងបន្ទប់រៀនបន្តបន្ទាប់គ្នា ត្រូវបានលោកគ្រូអ្នកគ្រូទីនោះជាមួយសមត្ថកិច្ចនិងអាជ្ញាធរដឹកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពទាន់ពេល ដោយពុំទាន់ដឹងពីមូលហេតុនៅឡើយទេ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅសាលាវិទ្យាល័យហ៊ុន សែន ប្រម៉ោយ ក្នុងភូមិឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលមកដល់ពេលនេះ ពុំមាននរណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ។
លោក ធាង ឡេង ជាអធិការដ្ឋាននគរបាលសាលាស្រុកវាវាលវែងបានប្រាប់ថា ការដួលសន្លប់បន្តបន្ទាប់ក្នុងបន្ទប់រៀននេះ គឺមានថ្នាក់ទី០៩ រហូតដល់ថ្នាក់ទី១២ សុទ្ធតែសិស្សក្មេងជំទង់ស្រីៗ មានចំនួន១៣នាក់ ដោយពួកគេទាំងអស់ពុំមាននរណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ ហើយរហូតដល់រសៀលថ្ងៃកើតហេតុនេះ ពួកគេកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប្រមោយ។
លោកអធិការបានបញ្ជាក់ចុងក្រោយថា ករណីសិស្សដួលសន្លប់នេះមានចំនួន២ថ្ងៃមកហើយ ដោយម៉ោង៨ទៅ៩ព្រឹកនោះមានសិស្សស្រីៗដួលសន្លប់០៥នាក់ និងថ្ងៃបន្ទាប់មានចំនួន១៣នាក់ សរុបទាំងអស់១៨នាក់ មកទល់ល្ងាចនេះជនរងគ្រោះបានធូរស្បើយហើយ។
បើតាមប្រភពបានឲ្យដឹងថា ដោយសារពួកគេហូបចំណីអាហារនិងដេកមិនគ្រប់គ្រាន់ ហើយមានរឿងអបិយជំនឿពីលោកគ្រូអ្នកគ្រូថា រៀងរាល់ឆ្នាំនៅក្នុងខែ១២ ត្រូវសែនព្រេនឲ្យម្ចាស់ទឹកម្ចាស់ដីនៅក្នុងសាលា តែឆ្នាំនេះរហូតដល់ខែ០២នេះមិនទាន់សែនព្រេនទេ លុះដល់ថ្ងៃកើតហេតុក៏កើតមានរឿងដួលសន្លប់តៗគ្នាបែបនេះទៅ៕