ព័ត៌មានជាតិ

ស្លាប់ប្តីប្រពន្ធ២នាក់ភ្លាមៗ ដោយសាររថយន្តស៊េរីទំនើបបុកពីក្រោយពេញទំហឹង នៅផ្លូវជាតិលេខ6A

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បានបោះពួយយ៉ាងលឿនជ្រុលទៅបុកចំពីក្រោយម៉ូតូពីរនាក់ប្ដីប្រពន្ធពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយរថយនុ្តមិនទាន់អស់ល្បឿន ក៏បន្តទៅបុករថយន្តប្រភេទដឹកអីវ៉ាន់ចំនួន ២គ្រឿង បន្ថែមទៀត បណ្ដោយឲ្យរងការខូចខាតយ៉ាងដំណំផងដែរ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង ១២:៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិសំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកHONDA WAVE មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1C-6138 បើកបរដោយប្តីប្រពន្ធ២ នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចទៅកើត។ លុះពេលធ្វើដំណើរដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក MERCEDES BENZ G500 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា-800 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅស្របគ្នា ក្នុងស្ថានភាពល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានទៅបុកចំពីក្រោយម៉ូតូពេញទំហឹងខ្ទាតមនុស្សចេញពីម៉ូតូហោះផ្លោងទៅបុកបង្គោលបន្ទះសូឡាធ្លាក់ចុះមកក្រោមបាក់កស្លាប់ភ្លាមៗ ចំណែកឯស្ត្រីជាប្រពន្ធត្រូវបានរថយន្តកិនអូស ប្រមាណជា ៣០ម៉ែត្រ។

ក្នុងករណីនេះ ដោយរថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្តទៅបុកពីក្រោយរថយន្តម៉ាក Hyundai ប្រភេទដឹកឥវ៉ាន់ចំនួន ២គ្រឿង ដែលចតសម្រាកក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត។ រថយន្តស៊េរីទំនើបម៉ាក MERCEDES BENZ G500 រួញផ្នែកខាងមុខខ្ទិចស្ទើរទាំងស្រុង ចំណែកបុរសជាអ្នកបើកបររងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពីកើតហេតុ។ សពប្រពន្ធរងគ្រោះមានឈ្មោះ ភួងស្រី យ័ន អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិព្រៃថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងសពបុរសប្តីរងគ្រោះមានឈ្មោះ អន អន់ អាយុ ៤៩ឆ្នាំ ស្នាក់នៅ ភូមិព្រៃថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

យោងតាមការឱ្យដឹងពីក្មួយស្រីរបស់សព បានឱ្យដឹងថា បុរសជាប្តីបានធ្វើដំណើរពីស្រុកចំការលើ តាមផ្លូវជាតិលេខ៦A ឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីទៅយកស្ត្រីជាប្រពន្ធទៅរស់នៅជាមួយនៅកន្លែងចម្ការ។ បន្ទាប់ពីទៅយកប្រពន្ធរួចហើយក៏ត្រឡប់ទៅចម្ការវិញជាមួយស្ត្រីជាប្រពន្ធ មិនទាន់បានទៅដល់ផងក៏ត្រូវរថយន្តស៊េរីទំនើបផ្តាច់ជីវិតប្តីប្រពន្ធយ៉ាងអាណោចអាធម្ម។

ក្រោយពេលកើតហេតុ សម្ថកិច្ចជំនាញបានធ្វើការវាស់វែង និងធ្វើកោសល្យវិច័យលើសព រួចធ្វើរបាយការណ៍កំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសម្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Related Articles

Back to top button