ព័ត៌មានជាតិ

អាជីវករផ្សារត្រីប៉ោយប៉ែតសុំឱ្យអាជ្ញាធរជួយដោះស្រាយបញ្ឈប់ប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នាលក់ដូរយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវជុំវិញផ្សារ។

ក្រុមអាជីវករផ្សារត្រីគឺក្នុងខណៈដែលពួកគេមានគ្នាប្រមាណ៨០នាក់បានមកសាលាក្រុងប៉ោយប៉ែតនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ដើម្បីឱ្យអាជ្ញាធរជួយរកវិធានការដោះស្រាយ។

ក្រុមអាជីវករលក់ដូរនៅផ្សារត្រីប៉ោយប៉ែត ដែលស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត បានលើកឡើងថា ពួកខ្លួនជាអាជីវករជួលតូបមានអាណត្តិច្បាស់លាស់ និងបង់ភាស៊ីឱ្យក្រុមហ៊ុនផ្សារត្រីប៉ោយប៉ែតទៅតាមការកំណត់នៃច្បាប់ និងតែងតែគោរពតាមការណែនាំរបស់អាជ្ញាធរ។

កាលពីជំងឺកូវីដ-១៩ឆ្លងរាលដាលខ្លាំង អាជ្ញាធរបានរៀបចំពួកខ្លួនឱ្យមកលក់ដូរខាងក្រៅតាមគំនូសនៃការរៀបចំរបស់អាជ្ញាធរ តែដល់ពេលជំងឺកូវីដ-១៩ បានធូរស្រាល ពួកគាត់ក៏ត្រូវទៅលក់ដូរតាមតូបក្នុងផ្សាររៀងៗខ្លួនវិញ។

ក្រុមអាជីវករក៏បានបញ្ជាក់បន្ថែមថា បន្ទាប់ពីពួកគាត់បានចូលទៅលក់នៅតាមតូបរៀងៗខ្លួនវិញ បែរជាមានក្រុមប្រជាពលរដ្ឋមកលក់ដូរអនាធិបតេយ្យ ដោយគ្រាន់តែជួលចំណីផ្លូវពីម្ចាស់ផ្ទះ លក់ដូរធ្វើឱ្យអ្នកទិញចង្អៀតពិបាកចូលទៅទិញអីវ៉ាន់ក្នុងផ្សារ បាត់បង់សណ្តាប់ធ្នាប់សាធារណ និងធ្វើឱ្យប៉ះពាល់ដល់ពួកគាត់ដែលជួលតូប បង់ភាស៊ីគោរពច្បាប់លក់ដូរមិនដែលខាននោះ។

លោក ញឹម ភឿង អ្នកនាំពាក្យសាលាក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ចំពោះការស្នើសុំឱ្យអាជ្ញាធរជួយធ្វើអន្តរាគមន៍រៀបចំចំពោះអាជីវករដែលលក់ដូរអនាធិបតេយ្យនៅតាមដងផ្លូវនោះ អាជ្ញាធរបានទទួលហើយ និងអនុវត្តន៍ឆាប់ៗនេះហើយ ក្នុងនោះក៏ត្រូវតែមានការកាត់សំយាបដែលរំលោភលើដីចំណីផ្លូវផងដែរ។

គួរបញ្ជាក់ថា នៅទីតាំងខាងលើនេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត និងអាជ្ញាធរមូលដ្ឋានតែងតែចុះរៀបចំសណ្តាប់ធ្នាប់នៅទីនោះ ជារឿយៗ ប៉ុន្តែការរៀបចំនេះហាក់ដូចជាវែកចក ដោយក្រុមប្រជាពលរដ្ឋទាំងនោះមិនបានចូលរួមជាមួយសមត្ថកិច្ច អាជ្ញាធរនោះឡើយ៕

Related Articles

Back to top button