ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីស្រីលង្កាប្រកាសចុះចេញពីដំណែងនៅថ្ងៃទី១៣ ខែកក្កដាខាងមុខ បន្ទាប់ពីក្រុមបាតុករសម្រុកចូលនិវេសនដ្ឋានរបស់លោកដើម្បីទាមទារឱ្យចុះចេញពីតំណែង

ស្រីលង្កា៖ លោកប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រាជបស្សៈ(Gotabaya Rajapaksa)បានប្រកាសលាលែងចេញពីតំណែងជាប្រធានាធិបតីហើយ បន្ទាប់ពីហ្វូងបាតុករសម្រុកចូលដល់និវេសនដ្ឋានរបស់លោកកាលពីរសៀលថ្ងៃសៅរ៍ មិនតែប៉ុណ្ណោះ ដោយឡែកលំនៅដ្ឋានរបស់លោកនាយករដ្ឋមន្រ្តីដែលទើបតែប្រកាសចុះចេញពីដំណែងដែរនោះ ក៏ត្រូវបានក្រុមបាតុករដុតបំផ្លាញផងដែរ។

តាមបណ្តាញផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស ប៊ីប៊ីស៊ី បានរាយការណ៍ឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដានេះថា ទំាងលោកប្រធានាធិបតី និងលោកនាយករដ្ឋមន្រ្តីគេមិនដឹងថាតើពេលបាតុករសម្រុកចូលទៅដល់នោះ អ្នកទំាងពីរស្ថិតនៅក្នុងនិវេសនដ្ឋានដែរឬទេ? ដែលតាមរបាយការណ៍ខ្លះថា លោកប្រធានាធិបតីបានគេចខ្លួនចេញមុនបន្តិច។

ស្ថិតនៅក្នុងបរិការណ៍នៃសម្ពាធពីហ្វូងបាតុករផ្ទុះឡើងនិងឡោមព័ទ្ធផ្ទះនេះ ការិយាល័យរបស់លោកប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានឱ្យដឹងថា លោកប្រធានាធិបតីនឹងចុះចេញពីដំណែងនៅថ្ងៃទី១៣ ខែកក្កដាខាងមុខនេះហើយ។

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញ មានក្រុមបាតុករប្រមាណជា ១សែននាក់បានសម្រុកចូលទៅឡោមព័ទ្ធនិវេសនដ្ឋានរបស់លោកប្រធានាធិបតីដើម្បីទាមទារឱ្យចុះចេញពីដំណែង រហូតដល់មានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងក្រុមបាតុករ មិនតែប៉ុណ្ណោះកាលពីរាត្រីថ្ងៃសៅរ៍ អាជ្ញាធរស្រីលង្កាបានប្រកាសដាក់បំរាមគោចរ ក្នុងគោលដៅដើម្បីកុំឱ្យមានការជួបជុំ និងរក្សាសណ្តាប់ធ្នាប់សង្គមជាដើម។

គួរបញ្ជាក់ផងដែរថា វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសមួយនេះ បង្កឱ្យមានវិបត្តិសង្គម និងនយោបាយផងដែរ៕

ប្រភព៖ BBC

Related Articles

Back to top button