ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំកម្លាំងនគរបាលជាតិ បន្តបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំកម្លាំងនគរបាលជាតិ បន្តបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់!
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តខ្ពស់ឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ គ្រប់កម្រិត ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងកម្លាំងនគរបាលដែលបំពេញបេសកកម្មតាមតំបន់ព្រំដែន និងបណ្ដាច្រកទ្វារ បន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន និងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការងារពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ដឹកនាំកម្លាំងពាក់ព័ន្ធដទៃទៀត នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សភាពការណ៍សន្តិសុខនៅកម្ពុជា ថ្វីដ្បិតមានភាពល្អប្រសើរ ប៉ុន្តែសភាពការណ៍សន្តិសុខពិភពលោក នៅតែបន្តស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដល់អនុសាសន៍ឱ្យយកចិត្តទុកដាក់ទប់ស្កាត់រាល់បាតុភាពផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងនោះត្រូវបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងច្រកព្រំដែន ជាពិសេសការចេញចូលរបស់ជនបរទេស គ្រឿងញៀន និងអាវុធខុសច្បាប់។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះសុវត្ថិភាពជនបរទេសនៅកម្ពុជា ជាពិសេសភ្ញៀវទេសចរណ៍ បន្តប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណេត បង្កើនប្រសិទ្ធភាពលើការងារពន្លត់អគ្គិភ័យ យកចិត្តទុកដាក់ពង្រឹងកម្លាំងប្រជាការពារ ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងអាវុធជាតិផ្ទុះ ការគ្រប់គ្រងជនអន្តោប្រវេសន៍ និងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងមន្រ្តី និងកងកម្លាំងតាមអង្គភាព។
ជាការកត់សម្គាល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថ្លែងអំណរគុណ និងលើកទឹកចិត្តខ្ពស់ដល់កម្លាំងចម្រុះ រួមទាំងកម្លាំងនគរបាលចរាចរណ៍ ជាពិសេសនៅរាជធានីភ្នំពេញ ដែលបានអនុវត្តប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹងយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើន ជាពិសេសធ្វើឱ្យអត្រាគ្រោះថ្នាក់ ស្លាប់ និងរបួស ថយចុះច្រើនជាងពាក់កណ្ដា ធៀបនឹងមុនពេលមានការអនុវត្ត៕