សម្ដេច ស ខេង សរសើរអគ្គស្នងការនគរបាលជាតិការពារសន្តិសុខអាស៊ានជោគជ័យ១០០ភាគរយ
«ខ្ញុំសូមចូលរួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម ព្រមទាំងអនុប្រធាន សមាជិក និងក្រុមការងារទាំងអស់ ដែលបានបំពេញភារកិច្ចប្រកបដោយជោគជ័យ១០០ភាគរយក្នុងការការពារសុវត្ថិភាពនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ» នេះជាខ្លឹមសារក្នុងលិលិខិតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម បានបញ្ជាក់ទៅកាន់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ថាការសម្រេចបានបេសកកម្មដ៏មានអត្ថន័យនេះមិនត្រឹមតែទទួលបានការសាទរយ៉ាងក្លៀវក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមិទ្ធផលដ៏លេចធ្លោមួយគួរឲ្យស្ញប់ស្ញែងដែលនាំមកនូវមោទកភាព កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា។
សម្ដេចបានបន្ថែមទៀតថា«ជោគជ័យដ៏ត្រចះត្រចង់នេះ បានរួមចំណែកបង្កើនជំនឿទុកចិត្តកាន់តែខ្លាំងក្លាថែមទៀតមកលើសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ដែលនឹងប្រារព្ធធ្វើនាបណ្តាឆ្នាំខាងមុខ»៕