ព័ត៌មានជាតិ

កម្ពុជា ប្រមូលចំណូលពន្ធលើការនាំចូលយានយន្ត និងគ្រឿងចក្រ បានជាង ៥៨០លានដុល្លារ នៅឆមាសទី ១ឆ្នាំ ២០២២

ភ្នំពេញ៖ ការប្រមូលចំណូលពន្ធនាំចូលលើយានយន្ត និងគ្រឿងចក្ររបស់កម្ពុជានៅក្នុងឆមាសទី ១ឆ្នាំ ២០២២ សម្រេចបានក្នុងតម្លៃទឹកប្រាក់ប្រមាណ ៥៨៤,២២លានដុល្លារ ស្មើនឹង ៤៥,១ភាគរយ នៃប្រភពចំណូលពន្ធសរុបរបស់អង្គភាពគយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ចំណូលពន្ធគយលើការនាំចូលយានយន្ត និងគ្រឿងចក្រ គឺជាប្រភពចំណូលពន្ធធំបំផុតសម្រាប់អង្គភាពគយ ខណៈដែលតម្រូវការប្រើប្រាស់យានយន្ត និងគ្រឿងចក្រនៅក្នុងប្រទេសកម្ពុជា បន្តមានការកើនឡើងទៅតាមកំណើនសេដ្ឋកិច្ច និងការរីកចម្រើនរបស់ប្រទេសជាតិ។

របាយការណ៍ដដែលនេះបង្ហាញទៀតថា អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅឆមាសទី១ ឆ្នាំនេះ ប្រមូលចំណូលបានប្រមាណ ១២៩៥,៤លានដុល្លារ កើនឡើងប្រមាណ ១២% ធៀបនឹងចំណូលប្រមូលបានក្នុងឆមាសទី១ ឆ្នាំ២០២១។ លទ្ធផលនេះ គឺសម្រេចបាន ៥០,២% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំមន្ត្រីអង្គភាពគយទាំងអស់ពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងបន្លំពន្ធ និងពង្រឹងការងារគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ទាំងទំនិញដែលមានលក្ខណៈជាបញ្ញើប្រៃសណីយ៍ និងទំនិញនាំចូលតាមមាត់ច្រកផ្សេងៗ ដើម្បីបង្កើនការប្រមូលចំណូលពន្ធចូលរដ្ឋ។

គិតត្រឹមឆ្នាំ ២០២១ ប្រទេសកម្ពុជា មានចំនួនរថយន្តដែលបានចុះបញ្ជី ប្រមាណ ៩២ម៉ឺនគ្រឿង និងម៉ូតូមានប្រមាណ ៥,២លានគ្រឿង បានកើនឡើងពី ៦ម៉ឺន ៥០០០គ្រឿង និង ២០ម៉ឺនគ្រឿង រៀងគ្នា កាលពីឆ្នាំ ១៩៩៨។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារ ណការ និងដឹកជញ្ជូន។

អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន និងកំពុងដាក់ចេញបទបញ្ជាបង្ក្រាបរថយន្តគ្មានពន្ធនៅទូទាំងប្រទេស ជាបន្តបន្ទាប់ ដែលជាផ្នែកមួយយ៉ាងសំខាន់ត្រូវបានគេមើលឃើញថា នឹងជំរុញដល់ការបង្កើនប្រសិទ្ធភាពប្រមូលចំណូលចូលរដ្ឋ និងធ្វើឲ្យមានតម្លាភាពប្រកួតប្រជែងលើការធ្វើអាជីវកម្មយានយន្តនៅកម្ពុជា ព្រមទាំងពង្រឹងសុវត្ថិភាពចរាចរណ៍ផងដែរ។

ការប្រមូលចំណូលពន្ធគយ និងរដ្ឋាករកម្ពុជា នឹងរងផលប៉ះពាល់ក្នុងពេលដែលប្រទេសកម្ពុជា អនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាដៃគូកិច្ចព្រមព្រៀងរបស់ខ្លួន ជាពិសេសប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ក្នុងពេលដែលរបាំងពន្ធគយមួយចំនួនត្រូវបានលុបចោល។ ប៉ុន្តែអ្វីដែលកម្ពុជា រំពឹងទទួលបានប្រយោជន៍យ៉ាងច្រើនមកវិញនោះ គឺការទាក់ទាញវិនិយោគពីក្រៅប្រទេសមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ដែលនឹងបង្កើនដល់ចំណូលពន្ធដារនាពេលអនាគត, បង្កើតការងារជូនប្រជាពលរដ្ឋ និងជំរុញដល់ការនាំចេញទំនិញទៅក្រៅប្រទេសកាន់តែច្រើន រួមទាំងបង្កើនតម្លៃសេដ្ឋកិច្ចកាន់តែធំ។ ជាក់ស្តែងការកើនឡើងនៃតម្លៃអចលនទ្រព្យនៅក្នុងប្រទេស ជាដើម៕

Related Articles

Back to top button