ព័ត៌មានជាតិ

អាជ្ញាធរ ចុះណែនាំពលរដ្ឋឱ្យបញ្ឈប់ការលក់ដូរ និងទទួលទានអាហារនៅលើផ្លូវរថភ្លើង 

ភ្នំពេញ៖ មានវីដេអូខ្លីមួយ ដែលគេចែកចាយពេញបណ្ដាញសង្គមហ្វេសបុក និងTikTok ដោយឃើញសកម្មភាពប្រជាពលរដ្ឋជាច្រើនបាននាំគ្នាលក់ដូរចំណីអាហារ និងអង្គុយទទួលទានអាហារបែបកម្សាន្ដអារម្មណ៍នៅលើផ្លូវរថភ្លើង។ ការនេះ អាចបង្កគ្រោះថ្នាក់បានគ្រប់ពេល ពិសេសនៅពេលមានរថភ្លើងរត់ឆ្លងកាត់។

ក្រោយឃើញវីដេអូដែលមិនគួរគម្បីត្រូវបានចែកចាយដូចនេះ អាជ្ញាធរមូលដ្ឋានដែលមានផ្លូវរថភ្លើងឆ្លងកាត់ បាននាំគ្នាស្រាវជ្រាវ និងបានរកឃើញថា វីដេអូនោះស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នៅចំពោះមុខ អាជ្ញាធរបានចាត់ទុកសកម្មភាពនេះ អាចបង្កគ្រោះថ្នាក់ ហើយកម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះអប់រំណែនាំ និងហាមមិនឱ្យមានការលក់ដូរ ឬដាក់កៅអីអង្គុយទទួលទានបែបនេះទៀតទេ ចាប់ពីសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា កន្លងមកធ្លាប់មានបទពិសោធន៍រួចមកហើយ នៅពេលរថភ្លើងឆ្លងកាត់ ហើយអ្នកដែលអង្គុយទទួលទាននោះមិនដឹងខ្លួន ពិសេសនៅពេលយប់ ដែលនាំឲ្យមានគ្រោះថ្នាក់៕

Related Articles

Back to top button