ព័ត៌មានជាតិ

គ្រឿងញៀន ជិត ១០០គីឡូក្រាម ត្រូវបានធ្វើការដុតបំផ្លាញចោល ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំឡើងនៅខេត្តតាកែវ

តាកែវ៖ គ្រឿងញៀនចំនួនជិត ១០០គីឡូក្រាម ដែលបង្រ្កាបបានដោយសមត្ថកិច្ចនៅក្នុងខេត្តចំនួន៣ គឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ត្រូវបានប្រមូលយកមកដុតបំផ្លាញចោលនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ។

បើតាមរបាយការណ៍ពីអយ្យកាអមសាលាដំបូងខេត្តតាកែវ បានឱ្យដឹងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលមកពីខេត្តទាំងបី គឺតាកែវ កណ្តាល និងកែប រួមមាន៖
ទី១៖ គ្រឿងញៀន MDMA (ថ្នាំគ្រវី) និងល្បាយសារធាតុគីមីផ្សំ សរុបទម្ងន់ ៩៧,៩៨៣.៨២ក្រាម (ជាង៩៧គីឡូក្រាម)។ ទី២៖ មេតំហ្វេតាមីន (Ice) សរុបទម្ងន់ ១,៨៤៧.២៨ក្រាម (ជិត២គីឡូក្រាម) និងទី៣៖ កញ្ឆាក្រៀម ៥,៥០គីឡូក្រាម ហើយក្នុងចំណោមគ្រឿងញៀនដែលដុតបំផ្លាញចោលនោះ គឺគ្រឿងញៀន៩៩% ជារបស់ខេត្តកណ្តាល ដែលធ្វើការបង្រ្កាបបាន។

ថ្លែងក្នុងពិធីនោះ លោកស្រី ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការ រងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងពីសារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហាញពីឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការងារប្រយុទ្ធប្រឆាំងការផលិត ការចរាចរ និងការប្រើបំពានគ្រឿងញៀនខុសច្បាប់ ហើគ្រប់ក្រសួង ស្ថាប័ន អង្គភាពមន្រ្តីអនុវត្តច្បាប់គ្រឿងញៀនពាក់ព័ន្ធទាំងអស់ ត្រូវបន្តលើកកម្ពស់ការប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបតិ្តការអន្តរជាតិ ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ផ្លាស់ប្តូរព័ត៌មាន ត្រួតពិនិត្យ តាមដានស៊ើបអង្កេតស្រាវជ្រាវមុខសញ្ញាចរាចរ ជួញដូរ ប្រើប្រាស់ គ្រឿង ញៀន និងសារធាតុគីមីផ្សំខុសច្បាប់ ឆ្លងកាត់តំបន់ព្រំដែន និងសហការរួមគ្នា បង្ក្រាបឲ្យបានទាន់ពេលវេលា និងចំគោលដៅ។

ដោយឡែក លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ បានលើកទឹកចឹត្តដល់សមត្ថកិច្ចឲ្យបន្តសកម្មភាពឲ្យបានខ្លាំងក្លាបន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀន ឲ្យអស់ពីមូលដ្ឋានរបស់ប្រជាពលរដ្ឋ ព្រោះគ្រឿងញៀន វាជាដើមហេតុបង្កឱ្យមានអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បាត់បង់កិត្តិយស គ្មានសុភមង្គល និងក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលត្រូវដោះស្រាយ។

ក្នុងឱកាសនោះដែរ លោក អ៊ូច ភា ក៏បានណែនាំដល់សមត្ថកិច្ចដែលជាមន្រ្តីអនុវត្តច្បាប់ទាំងអស់ សូមកុំយកខ្លួនទៅ អន្តរាគន៍ ឬពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនឱ្យសោះហើយបើករណីរកឃើញមានមន្រ្តីណាមួយពាក់ព័ន្ធ និងបញ្ហាគ្រឿងញៀនត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ដោយគ្មាការលើកលែងនោះទេ៕

Related Articles

Back to top button