ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំដល់ស្នងការរង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ..
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងប៉ៃលិន។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង ទទួលផែនសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនការងារសេនាធិការ តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងប្រតិភូអមដំណើរ ក្នុងនោះមានការរចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ដែលជាសិក្ខាកាមមកពីខេត្តចំនួន៤ខាងលើ ចំនួន៩៩នាក់។ វគ្គបំប៉នជំនាញថ្នាក់ដឹកនាំដល់ស្នងការរងនេះ មានរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្ដល់អនុសាសន៍ ដល់សិក្ខាកាមដែលបានចូលរៀនវគ្គបំប៉នខាងលើ ត្រូវយកចំណេះដឹងទាំងនោះ ទៅអនុវត្តផ្ទាល់ឲ្យមានប្រសិទ្ធភាព បម្រើការងារជូនអង្គភាពខ្លួន និងប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ។
ឯកឧត្តម បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវបន្តស្វែងយល់ចំណេះដឹងបន្ថែម ពិសេសចំណេះដឹងផ្នែកពត៌មានវិទ្យា បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងត្រូវពង្រឹងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ព្រោះការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព បានល្អប្រសើរ នាំឲ្យមូលដ្ឋានរបស់យើងគ្មានបទល្មើស គ្មានអំពើលួច ឆក់ ប្លន់ជាដើម៕