ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំក្រុមការងារ និងអាជ្ញាធរមូលដ្ឋានរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព

បន្ទាយមានជ័យ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំក្រុមការងារ និងអាជ្ញាធរមូលដ្ឋានរួមគ្នាដោះស្រាយបញ្ហាប្រឈម ទុក្ខកង្វល់និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ដែលធ្វើឡើងនៅរសៀលថ្ងៃទី06 ខែតុលា ឆ្នាំ2024 នៅសាលាក្រុងប៉ោយប៉ែត។
នៅក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីលោក លោកស្រី ជាក្រុមការងារ អាជ្ញាធរក្រុង សង្កាត់ទាំង5 សមត្ថកិច្ចពាក់ព័ន្ធ ក្រុមហ៊ុនឯកជនទឹកភ្លើង សំរាមអនាម័យ ក៏ដូចជាដៃគូរអភិវឌ្ឍន៍ជាច្រើននាក់។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានលើកយកបញ្ហាប្រឈម ទុក្ខកង្វល់ និងជាសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងនោះមាន បញ្ហាផ្លូវថ្នល់ បញ្ហាសំរាម បញ្ហាទឹកភ្លើង ប្រព័ន្ធលូ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បានណែនាំដល់ក្រុមការងារ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំសង្កាត់ ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព ហើយទាមទារឲ្យមានការពន្យល់ឲ្យបានយល់ច្បាស់លាស់ជូនពលរដ្ឋអំពីនីតិវិធី នៃការអនុវត្តគម្រោង និងដំណោះស្រាយនានាដែលត្រូវបានស្នើសុំដោយប្រជាពលរដ្ឋនៅមូលដ្ឋាន ចៀសវាងមានការទន្ទឹងរង់ចាំដោយឥតឃើញពីលទ្ធផលនៃសំណើរបស់ពួកគាត់។
បន្តពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គមរក្សាបានសុខសន្តិ ភាព ជូនប្រជាពលរដ្ឋ, បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ព្រមទាំងចាត់វិធានការទាន់ពេលវេលាអន្តរាគមន៍ការពារបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន,បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង7ចំណុច, ពង្រឹងការផ្តល់ សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព, បន្តចុះមូលដ្ឋានក្នុងដែនសមត្ថកិច្ច ក្តាប់សភាពការណ៍ សំណើ សំណូមពរប្រជាជន ណឹង ឆ្លើយតប ដោះស្រាយសំណើរ សំណូមពរទាំងនោះឱ្យបានទាន់ពេលវេលា។


ឯកឧត្តម បណ្ឌិតប៉ានខែម ប៊ុនថន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមការងារទាំងអស់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងក្រុងប៉ោយប៉ែត ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសខិតខំប្រឹងប្រែងស្វែងរកនូវដំណោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋានបានមួយចំនួនធំ៕

Related Articles

Back to top button