ប្រជាពលរដ្ឋស្នើឲ្យក្រុមហ៊ុនម៉ៅការធ្វើផ្លូវបេតុង ខាងកើតជាប់ផ្សារអគ្គ:ជួយពន្លឿនធ្វើឲ្យឆាប់រួច កុំទុកចោលបង្កការលំបាកប៉ះពាល់ដល់ការរស់នៅ និងប៉ះពាល់មុខរបររកស៊ីទទួលទានប្រចាំថ្ងៃ..
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋស្នើឲ្យក្រុមហ៊ុនម៉ៅការធ្វើផ្លូវបេតុងជួយពន្លឿនធ្វើឲ្យឆាប់រួច កុំទុកចោលបង្កការលំបាកប៉ះពាល់ដល់ការរស់នៅ និងប៉ះពាល់មុខរបររកស៊ីទទួលទាន ដែលឃើញក្រុមហ៊ុន បានផ្អាកការធ្វើអស់រយៈពេលប្រហែលមួយសប្តាហ៍មកហើយ ទើបឃើញធ្វើវិញកាលពីថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២៤ នៅច្រកយាយម៉ៅ ខាងកើតផ្សារអគ្គៈថ្មី ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋបានប្រាប់ថា៖ នៅមុខផ្ទះឬតូប ហាង របស់ពួកគាត់ គឺផ្លូវមេតុងមុនខូច ដក់ទឹកស្អុយឆ្អេះឆ្អាប ធំក្លិនមិនល្អ បង្កការលំបាករាល់ការរស់នៅនិងធ្វើដំណើរ ប៉ះពាល់សុខភាព ទើបនាំគ្នាជួលក្រុមហ៊ុនក្រោមការសម្របសំរួលពីអាជ្ញាធរសង្កាត់់ ឲ្យធ្វើផ្លូវបេតុងថ្មីជូនពួកគាត់ ដោយថវិការពួកគាត់១០០ភាគរយ។ ប៉ុន្តែប្រហែលមួយសប្តាហ៍មកនេះ បាត់គ្រឿងចក្រ មិនឃើញមកធ្វើបន្ត ទើបស្នើសុំឲ្យអាជ្ញាធរ ជួយពន្លឿនក្រុមហ៊ុន ធ្វើឲ្យឆាប់ហើយ កុំបង្កង់យូរ ព្រោះរដូវភ្លៀង។
ប្រជាពលរដ្ឋបញ្ជាក់ថា៖ បន្ទាប់ពីសំរាកប្រហែល១សប្តាហ៍ ប្រជាពលរដ្ឋរអ៊ូរទាំ និងមានផ្សព្វផ្សាយពីសារព័ត៌មាន ឃើញមកធ្វើវិញ ចង់សំណូមពរថា ក្រុមហ៊ុនមកធ្វើឲ្យហើយមួយកន្លែងចាំទៅមួយកន្លែងទៀត កុំកាយដីទុកចោលនាំបញ្ហាលំបាកដល់ពលរដ្ឋ ដែលធ្លាប់លំបាករាប់ឆ្នាំហើយ ទើបពលរដ្ឋសម្រេចចំណាយថវិការផ្ទាល់ខ្លួន ឲ្យក្រុមហ៊ុនធ្វើផ្លូវបេតុង ដើម្បីធ្វើដំណើរឲ្យស្រួល បើចាំអាជ្ញាធរធ្វើឲ្យ មិនដឹងឆ្នាំណាទេ។
លោក ប៊ុន សុវទ្ធា ចៅសង្កាត់រងទី១ ស្ដីទី សង្កាត់ប៉ោយប៉ែត បានឱ្យដឹងថា៖ ការអាក់ខាននៃការកាយលូធ្វើផ្លូវបេតុងជូនពួកគាត់នេះគឺដោយសារគ្រឿងចក្រ(អេស្កាវ៉ូទ័រ)ខូចជួសជុលមិនទាន់ហើយ តែពេលនេះគ្រឿងចាក់បានធ្វើរួចរាល់ហើយដូច្នេះក្រុមការងារនិងបន្តពន្លឿនធ្វើឲ្យរួចរាល់ជាស្ថាពរនាពេលខាងមុខដ៏ខ្លីនេះ៕