ក្រសួងការងារ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពចំនួន២ របសរាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង
ក្រសួងការងារ បន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពចំនួន២ របសរាជរដ្ឋាភិបាល នៅខេត្តស្វាយរៀង
ស្វាយរៀង ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ កក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង“កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥លាននាក់” នៅសាលាខេត្តស្វាយរៀង។
ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ នៅក្នុងពិធីផ្សព្វផ្សាយនេះ បានលើកឡើងថា ក្នុងក្របខណ្ឌនៃការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអនុវត្តជាផ្លូវការនូវ “កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់” ដែលជាការងារអាទិភាពសំខាន់ចំនួន២ ក្នុងចំណោមការងារអាទិភាពចំនួន៦ នៃកម្មវិធីនយោយបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពប្រជាជន បង្កើនឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ និងជាយុទ្ធសាស្ត្រគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាជន។
ដើម្បីសម្រេចឱ្យបានជោគជ័យសម្រាប់ការងារអាទិភាពទាំងពីរនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើថ្នាក់ដឹកនាំទទួលបន្ទុក, រដ្ឋបាលខេត្ត, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ដៃគូអភិវឌ្ឍន៍, សមាគម, មន្ទីរ, អង្គភាពជុំវិញខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ក្រុមប្រឹក្សា, ស្មៀន, និងមេប៉ុស្ដិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់ សូមចូលរួមសហការក្នុងការផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មវិធីនេះ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទទួលបានគាំទ្រ និងទទួលអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកម្មវិធីទាំងពីរនេះ៕