ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា នឹងខិតខំប្រឹងប្រែងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូ ក្នុងគោលដៅជំរុញការស្តារសេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២, កម្ពុជា នឹងខិតខំប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូ ក្នុងគោលដៅជំរុញការស្តារសេដ្ឋកិច្ច
ឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន, ចីរភាព និងភាពធន់ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈ ឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព “។ នេះជាការថ្លែងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចសន្ទនាជាន់ខ្ពស់ថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus) ស្ដីពីការអភិវឌ្ឍសកល ក្រោមមូលបទ “លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មី
ដើម្បីរួមគ្នអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” នាយប់ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២នេះ។

ក្នុងកិច្ចប្រជ៉ំតាមវីដេអូនេះ ដែលមានវត្តមានលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយប្រមុខរដ្ឋ រដ្ឋាភិបាលមកពីប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមក, ការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ បណ្តាលឱ្យមានការខាតបង់នូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ដែលសម្រេចបានក្រោមក្របខណ្ឌ របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” ។

សម្តេចបន្តថា បច្ចុប្បន្ន តំបន់ និង សកលលោក បាននិងកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់តែស្មុគស្មាញ និង មិនអាចប៉ាន់ប្រមាណបាន ចំពោះការអភិវឌ្ឍ រួមមាន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ, សង្គ្រាមយោធា, ពាណិជ្ជកម្ម និងបច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ, ការរឹតបន្តឹងនូវគោលនយោបាយរូបីយវត្ថុ ។ល។ កត្តាទាំងនេះធ្វើឱ្យខ្សែច្រវាក់តម្លៃសកល និង ផលិតភាពសកលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។

សម្តេចតេជោ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ ប្រីកបូក (BRICS Plus) ជាកាលានុវត្តភាពមួយដ៏សំខាន់សម្រាប់ពង្រឹងភាពជាដៃជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងការបង្កើតវេទិកាសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើតឱកាសការងារ, កាត់បន្ថយភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀង និង ថាមពលជាដើម ក្នុងការសម្រេចឱ្យបាននូវរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។
ក្នុងបរិបទនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញថា យើងត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ និង គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និង ពង្រឹងពហុភាគីនិយម ជាពិសេស លើកកម្ពស់ការបើកចំហសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និង កាត់បន្ថយរបាំងពាណិជ្ជកម្មនានា ជាពិសេស លើទំនិញយុទ្ធសាស្ត្រ ដូចជាស្បៀងអាហារ ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និង ពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់ និងសកល ។ ការពង្រឹង និង ពង្រីកកិច្ចសហការក្នុងវិស័យសង្គម-សេដ្ឋកិច្ចថ្មីៗ ក៏ជាកិច្ចការអាទិភាពផងដែរ ។ ក្នុងនោះ យើងគួរផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការបង្កើនកិច្ចសហការក្នុងការពង្រឹងសមត្ថភាព និង ពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និង ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពកំណើនថ្មី ជាពិសេស ជួយប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។

បន្ថែមលើនេះ សម្តេចតេជោ ថ្លែងថា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏គឺជាផ្នែកមួយមិនអាចខ្វះបានសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការគាំទការពង្រីកកិច្ចសហប្រតិបត្តិការ លើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង, ការជំរុញការធ្វើអន្តរកាលថាមពលនិង ការប្រើប្រាស់បច្ចេកវិទ្យាបៃតង ជាដើម ៕

Related Articles

Back to top button