អ្នកនេសាទពីរនាក់ដែលជាប់លើទូកគឿងបុកថ្មនៅកោះថាស ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ
ព្រះសីហនុ៖ មនុស្ស ២នាក់ ដែលជាប់លើទូកនេសាទមួយគ្រឿង ដោយសារបើកទៅជាប់គឿងនឹងថ្មច្រាំង នៅកោះថាស នៅព្រឹកព្រហាមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានជួយង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿន GTVC របស់ឧកញ៉ា ទៀ វិចិត្រ ប្រ ធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ក្រោយចេញអន្តរាគម ន៍សង្គ្រោះភ្លាមៗ។
ឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ជនរងគ្រោះទាំង ២នាក់ មានឈ្មោះ យូ ភេទប្រុស អាយុ៤៦ឆ្នាំ ជា ម្ចាស់ទូកនេសាទ និងឈ្មោះ គាត សេង ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកូនដៃទូក អ្នកទាំងពីរស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនរងគ្រោះទាំង ២នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព នឹងបាននាំមកដល់កន្លែងសុវត្ថិភាពហើយនៅព្រឹកថ្ងៃដដែល ។
សូមបញ្ជាក់ថា ទូកនេសាទ១គ្រឿងនេះពេលកំពុងធ្វើដំណើរនៅលើសមុទ្រ កំពុងតែមានភ្លៀងខ្យល់ខ្លាំង ហើយអ្នកបើកបរក៏ងក់មួយភាំងធ្វើឲ្យទូកបើកសំដៅមកកោះថាសបុកថ្មជាប់គឿងតែម្តង និងមនុស្សដែលជាប់លើទូកទាំង២នាក់នេះ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់។
ឧកញ៉ា ទៀ វិចិត្រ បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕