ព័ត៌មានជាតិ

បង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ រកឃើញបទល្មើសនេសាទជាច្រើន

បាត់ដំបង៖ កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ បានដកហូត និងរឹបអូសបានក្បាល ប ចំនួន ៤៣គ្រឿង របាំងសាច់អួនប្រវែង ៨២០០ម៉ែត្រ បង្គោលចំនួន ៣៣០០ដើម មងពីជាន់ប្រវែង ៥០០ម៉ែត្រ ប្រលែងត្រីចំរុះចំនួន ១៥០គីឡូក្រាមផងដែរ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។

ការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងចម្រុះ និងទីបញ្ជាការស្រាលខេត្តបាត់ដំបង បានចុះបង្ក្រាបបទល្មើសនេសាទ ១លើក នៅចំណុចអតីតឡូតិ៍នេសាទ១ និងលេខ២ ក្នុងភូមិសាស្ត្រភូមិព្រែកទាល់ និងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្រោយពេលបង្ក្រាប សម្ភារល្មើស សមត្ថកិច្ចសម្រេចដុតបំផ្លាញចោលនៅកន្លែងតែម្តង។ ចំពោះមុខសញ្ញាដែលជាម្ចាស់ទីតាំងប្រព្រឹត្តអំពើល្មើសច្បាប់នេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវសាវតា ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមច្បាប់៕

Related Articles

Back to top button