ជាសារមួយរំលឹកដល់នារីគ្រប់រូបត្រូវដឹងថា ការរៀបអាពាហ៍ពិពាហ៍ គឺជាទំនៀមទម្លាប់ប្រពៃណី ដើម្បីអោយការរស់នៅជាប្តី-ប្រពន្ធស្របច្បាប់ គឺត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍ ទើបភាគីមានសិទ្ធិតតាំងតាមផ្លូវតុលាការ
ចេញផ្សាយ ថ្ងៃទី14 ខែឧសភា ឆ្នាំ2024 24
ភ្នំពេញ ៖ ផ្ទុះរឿងរ៉ាវក្តៅគគុកពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីស្រីស្រស់ វ៉ាឌី ភាលីបានបង្ហោះសារទម្លាយរឿងរ៉ាវគ្រួសារដែលជួបភាពរកាំរកូសខ្លាំង អមដោយរូបភាពប្រទូសរ៉ាយគ្នា ជាមួយនឹងស្វាមី ក្រោយដឹងថា ស្វាមីរបស់នាងបានលួចទាក់ទងស្រី រហូតសុំនាងលេងលះថែមទៀតផងដែរ ។
រឿងរ៉ាវរបស់ វ៉ាឌី ភាលី ជាសារមួយដល់នារីទាំងពួងថា ការរៀបអាពាហ៍ពិពាហ៍ គឺជាទំនៀម ទម្លាប់ប្រពៃណី ដើម្បីអោយការរស់នៅជាប្តី-ប្រពន្ធស្របច្បាប់ គឺត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍ នោះ ទើបភាគីមានសិទ្ធិតតាំងតាមផ្លូវតុលាការ។
វីដេអូខ្លីមួយដែលមាននារីជាប្រពន្ធរៀបការតាមប្រពៃណីយំបោកខ្លួន ក្រោយដឹងថា ប្តីមានស្រីខាងក្រៅនោះ កំពុងតែផ្ទុះកក្រើកពេញបណ្តាញសង្គម ដែលមនុស្សជាច្រើនបានស្តីបន្ទោសខាងប្រុសថាគ្មានទំនួលខុសត្រូវ។ រឿងរ៉ាវនេះ មិនទាន់ឃើញខាងភាគីខាងប្រុសបកស្រាយយ៉ាងនៅឡើយនោះទេ។ ចំណែកនារីជាភរិយា ត្រូវបានគេស្គាល់ថា គឺជាអតីតបេក្ខនារីប្រឡងចម្រៀងកម្មវិធី TheVoice Cambodia រដូវកាលទី៣ គឺនាង វ៉ាឌី ភាលី ។
ក្រោយឃើញរឿងរ៉ាវមួយនេះ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គមនោះ ក្នុងនាមជាអតីតគ្រូបង្ហាត់ម្នាក់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ តារាចម្រៀងនាង ពេជ្រ សោភា បានបញ្ចេញសារលើបណ្តាញសង្គម ដោយបានលើកទឹកចិត្តទៅកាន់ វ៉ាឌី ភាលីង ឲ្យមានភាពរឹងមាំ និងញញឹមទៅមុខជាមួយនឹងរឿងថ្មី ។ ពេជ្រ សោភា បានបង្ហោះសារថា រឹងមាំណាអូនស្តាប់អោយបាន អូនមិនបានបាត់បងមនុស្សស្មោះទេ គេទេអ្នកបាត់បង់មនុស្សល្អ ពូកែ ឆ្លាត មួយទៀតដោះលែង ជូនពរគេចុះយើងអស់កម្មហើយ បងជឿថាភាលីរបស់បងអាចធ្វើបាន អូនមេម៉ាយអីឡូវឡូយណាស់ បើចង់យំ យំអោយអស់ប្រាប់ខ្លួនឯងថា ខ្ញុំជាហើយញញឹមដើរទៅមុខជាមួយនឹងរឿងថ្មីៗណា ។
ជាការកត់សម្គាល់អតីតបេក្ខនារី The Voice Cambodia នាង វ៉ាឌី ភាលីង បានដាច់ចិត្តទម្លាយរឿងរ៉ាវផ្ទាល់ខ្លួន ដែលបានលាក់ទុកតាមរយៈសារបង្ហោះលើបណ្តាញសង្គមរៀបរាប់រឿងរ៉ាវទុក្ខលំបាកជុំវិញបញ្ហាគ្រួសារ ដែលជួបបញ្ហារកាំរកូសថា រឿងដែលកប់ទុកក្នុងចិត្តរយៈពេល៦ខែ ជាស្រីប្តីរត់ចោល កូន២ ដែលការពេញច្បាប់ ប្តីចេញទៅមានស្រី ទៅចោលខ្ញុំដោយមិនមានទំនួលខុសត្រូវ ទុកកូន ទុកប្រពន្ធ ចោលលុយធានាគាក៏មិនជួយបង់ លុយកូនរៀនក៏មិនរវល់ សូម្បីតែខលមកសួរសុខទុកម្តងក៏គ្មាន ។
នាងបញ្ជាក់ថា បងទៅបាត់ពីខ្ញុំរយៈពេល៦ខែហើយ នៅពេលដែរcallមកខ្ញុំគឺcallហៅខ្ញុំអោយទៅផ្តិតមេដៃលែងលះគ្នាសោះបងប្រាប់អោយខ្ញុំដោះលែងបង ទាំងដែលបងទៅបាត់ចោលខ្ញុំនឹងកូន ។ មិននឹកស្មានថា ៦ខែនេះ ខ្ញុំតែងតែមិនមាត់មិន ក ទោះដឹងរឿងបងនឹងស្រីរបស់បង ដែលកំពុងសប្បាយ មានក្តីសុខជាមួយគ្នាគ្រប់បែបយ៉ាង តែខ្ញុំនៅតែខំប្រឹងរកស៊ីគ្មានពេលសម្រាក ដើម្បីយកលុយមកចិញ្ចឹមកូន និងបង់លុយធានាគារដែលបងនឹងខ្ញុំយករួមគ្នា។ ដឹងហើយថា ខ្ញុំចិញ្ចឹមកូនផង បង់សាលាកូនរៀនផង ខ្ញុំហត់ណាស់ ចង់បញ្ចប់ជីវិតខ្លួនឯងម្តងៗ តែឃើញមុខកូនទាំង ២ គិតបកមកវិញ»។
នៅពេលសួរបញ្ជាក់ជាថ្មី តើមូលហេតុអ្វីអ្នកនាងអត់អាចលើកលែងបាន? ដោយសារតែប្តីខុសច្រើនដងពេក ឬយ៉ាង? វ៉ាឌី ភាលី ថា « ចា៎បង ហើយណាមួយអីឡូវនេះគាត់ធ្វើសាហាវដាក់ខ្ញុំពេកដែរពិបាកនឹងទទួលយកគាត់វិញណាស់»។ណាស់»។ ជាមួយគ្នានោះផងដែរ វ៉ាឌី ភាលី បានថ្លែងថា ដោយសារតែភាពក្មេងខ្ចីរបស់នាង នាងបានធ្វើប្រហែសមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយប្តីរបស់នាងនោះទេ ពោល គឺអ្នកនាងបានរៀបការត្រឹមត្រូវតាមប្រពៃណីជាមួយប្តី គ្រាន់តែច្រឡោះប្រហោងនឹងផ្លូវច្បាប់ ដោយពុំបានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយប្តីដែលបានរៀបការនោះ។
សូមរម្លឹកផងដែរថា ជាទស្សនៈទូទៅរបស់ប្រជាពលរដ្ឋមួយចំនួនយល់ឃើញថា ការរួមរស់ជាមួយគ្នាដែលមានលក្ខណៈជាប្ដី-ប្រពន្ធ រយៈពេលយូរ ឬប្រារព្ធនូវពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីទំនៀមទម្លាប់នោះ គឺជាប្ដី-ប្រពន្ធដែលស្របតាមច្បាប់ហើយ។ ចំពោះការយល់ឃើញ ក៏ដូចជាការអនុវត្តបែបនេះ គឺមិនត្រឹមត្រូវតាមច្បាប់នោះទេ ពីព្រោះថា ច្បាប់បានកំណត់ថា ប្តី-ប្រពន្ធ ដែលស្របច្បាប់ គឺបុរស និងនារី ដែលបានគោរព និងអនុវត្តនូវលក្ខខណ្ឌតាមច្បាប់ ជាពិសេសការចុះបញ្ជីអាពាហ៍ពិពាហ៍ នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។
ផ្ទុយទៅវិញ ប្រសិនបើបុរស និងនារី គ្រាន់តែបានប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍តាមបែបប្រពៃណីទំនៀមទម្លាប់ ឬរួមរស់ជាមួយគ្នាដែលមានលក្ខណៈជាប្ដី-ប្រពន្ធ ដោយមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ ត្រូវបានហៅថា «អនីតិសង្វាស»។ ជារួមចំណងអនីតិសង្វាស គឺជាការរួមរស់ជាមួយគ្នា ដែលមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ ដែលបងប្អូនខ្មែរយើងមួយចំនួនច្រើនហៅថា (អេតាស៊ីវិល) នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។ ត្បិតតែនៅពេលបែកបាក់គ្នា ភាគីនៃអនីតិសង្វាសមិនមានភាពស្មុគស្មាញដូចទៅនឹងប្តី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ស្របច្បាប់ក៏ដោយ ប៉ុន្តែអនីតិសង្វាសនេះក៏មិនត្រូវបានច្បាប់ការពារ និងទទួលបានអត្ថប្រយោជន៍ ដូចទៅនឹងប្តី-ប្រពន្ធ (អាពាហ៍ពិពាហ៍) ស្របច្បាប់នោះដែរ៕