ព័ត៌មានអប់រំ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកវគ្គបំប៉នជំនាញរយះពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងខេត្ត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញរយះពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូមអមដំណើរ ស្នងការរង នាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក និងសិក្ខាកាមជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន១៣៤នាក់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍ និងរាយការអំពីស្ថានភាពទូទៅ លទ្ធផលដែលសម្រេចបានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកន្លងមក។ លោកបានថ្លែងថា វគ្គបំប៉ននេះមានសារ:សំខាន់ខ្លាំងណាស់ សម្រាប់មន្រ្តីនគរបាលប៉ុស្តិ៍គ្រប់រូប ក្នុងការងារបម្រើសេវាផ្សេងៗ ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដើម្បីពង្រឹងសមត្ថភាព គុណភាព ការងារដល់នគរបាលតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ទាំងអស់ ឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងកាផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៍ និងវិជ្ជាជីវះ។

លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ក៏បានណែនាំដល់មន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍គ្រប់រូប ត្រូវខិតខំរៀនសូត្រពង្រឹងសមត្ថភាពរបស់ខ្លួនគឺសិក្សានូវចំណេះដឹងថ្មីៗ ដើម្បីអនុវត្តការងារររបស់ខ្លួននៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ពិសេសលើការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារផ្តល់សេវាសាធារណៈនានា ក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត ដល់ប្រជាពលរដ្ឋ៕

Related Articles

Back to top button