លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តាំងកម្លាំងនគរបាលជាច្រើនរូប សហការជាមួយអាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធ ជួយសម្រួលដល់ការឆ្លងដែនរបស់ពលករខ្មែរ ត្រឡប់មកពីថៃ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តាំងកម្លាំងនគរបាលជាច្រើនរូប សហការជាមួយអាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធ ជួយសម្រួលដល់ការឆ្លងដែនរបស់ពលករខ្មែរ ត្រឡប់មកពីថៃ
បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានចាត់តាំងកម្លាំងនគរបាលជាច្រើននាក់ សហការជាមួយអាជ្ញាធរ ស្ថានប័ន ស្ថាប័ន្ធពាក់ព័ន្ធ ចាំទទួលនិងសម្រួលដល់ការឆ្លងដែនជូនពលករខ្មែរដែលត្រឡប់ពីប្រទេសថៃមកកម្ពុជា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ នៅច្រកអន្តរជាតិប៉ោយប៉ែត។
លោកវរៈសេនីយ៍ឯក មាស ឬទ្ធី ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ បាទឱ្យដឹងថា ប្រតិបត្តិការនេះ លោកបានដឹកនាំកម្លាំងនគរបាលចំនួន២០នាក់ រួមមានកម្លាំងនគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ ,៨៩១។ កម្លាំងទាំងនេះមួយចំនួនប្រចាំការនៅស្ថានីយ៍រដ្ឋភ្លើង និង មួយចំនួនប្រចាំការជួយនៅច្រកអន្តរជាតិប៉ោយប៉ែត មានភារកិច្ចជួយដល់ពលករ គ្រប់ពេលត្រូវការជំនួយ ការពារ រក្សាសន្តិសុខរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍។
យោងរបាយការណ៍របស់គណៈកម្មការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ពលករខ្មែរ ត្រឡប់មកពីថៃចូលកម្ពុជា មានចំនួនសរុប១៩៨៣នាក់ ស្រី៩១៤នាក់ និង កុមារ៥៣នាក់។
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នេះ ស្ថានភាពនៅច្រកអន្តរជាតិប៉ោយប៉ែត ពុំទាន់មានអ្វីគួរឲ្យកក់សម្គាល់ទេ ព្រោះមានពលរដ្ឋខ្មែរ និងជនបរទេសឆ្លងដែនធម្មតា។ ចំពោះពលករខ្មែរដែលត្រឡប់ ត្រូវបានអាជ្ញាធរ និងក្រុមការងារ ចាំទទួលស្វាគមន៍ សំណេះសំណាល ជួយសម្រួលដល់ការឆ្លងដែន លិខិតស្នាម និងមានការផ្តល់ទឹក ផ្តល់អាហារ ផងដែរ៕