ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងចំណោមសមិទ្ធផលជាង ៧០ គម្រោងដែលបានធ្វើឡើងនៅកម្ពុជាកន្លងមកនេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ខណៈការសម្ពោធសមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក៏ជាសមិទ្ធផលថ្មីមួយទៀត នៃខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំកម្ពុជា-ជប៉ុនមុនបំណាច់ឆ្នាំសាកលនេះ។​ សម្ដេចបានថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក នេះដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងជួយដល់បរិស្ថានល្អ ផាសុខភាពរបស់របស់ប្រជាពលរដ្ឋ ខណៈសមិទ្ធផលនេះ ក៏ជាសមិទ្ធផលមួយនៃផែនការគ្រប់គ្រងទឹកកខ្វក់របស់កម្ពុជាផងដែរ។

សម្តេចធិបតីបានថ្លែងថា ផលលាភដែលកម្ពុជាទទួលបាននាពេលនេះ គឺកើតចេញពីសន្តិភាពដែលកម្ពុជា មានរយៈពេល២៥ឆ្នាំមកនេះ ដូច្នេះកូនខ្មែរទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។ សមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ និងសមិទ្ធផលនានាដែលកម្ពុជាអាចទទួលបាននាពេលបច្ចុប្បន្ន និងទៅអនាគតនោះ អ្វីដែលត្រូវចង់ចាំ និងរម្លឹកដល់ដំបូកគេ គឺការរក្សាបាននូវសុខសន្ដិភាពរបស់កម្ពុជា។ ហេតុនេះហើយនៅថ្ងៃទី២៩ ខែធ្នូនេះកម្ពុជានឹងប្រារព្ធទិវានៃនយោបាយឈ្នះ ឈ្នះ ដែលកម្ពុជាខិតខំស្វែងរកបានយ៉ាងលំបាកដែលកូនខ្មែរត្រូវរួមគ្នាថែរក្សាឱ្យបានជាដាច់ខាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន នឹងត្រូវបានបន្តពង្រីកបន្ថែមទៀត នៅក្នុងឆ្នាំថ្មីឆ្នាំ២០២៤ ពោលគឺជាខួបទី៧១ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយសម្ដេចធិបតី បញ្ជាក់ថា កម្ពុជា និងជប៉ុន នៅមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជាច្រើនទៀត ដោយឈរលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។ ក្នុងរយៈពេល៧០ឆ្នាំ ឈានចូល៧១ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានស្នើដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បន្តគាំទ្រដល់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំទៅមុខបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានប្ដេជ្ញាចិត្តលើកកម្ពស់ គុណភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី បានផ្តាំទៅក្រុមប្រឆាំង​ដែលកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច បានផ្ញើសារទៅពួកទាំងនោះទៀតថា កុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មន្រ្ដីរាជរដ្ឋាភិបាល តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧នេះ មិនធ្វើអ្វីដែលបំផ្លាញជាតិនោះទេ ប៉ុន្ដែគឺធ្វើអ្វីដែលគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ សម្តេចធិបតីបានបង្ហើបឲ្យដឹងថា មានក្រុមប្រឆាំងម្នាក់នៅក្រៅស្រុក បានផ្ញើសារអង្វរដល់ជំនួយការសម្តេច ដើម្បីសុំអន្តរាគមន៍ចូលស្រុកខ្មែរវិញ។ ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែធ្វើបាបប្រជាពលរដ្ឋ តាមរយៈការប្រឌិតព័ត៌មានមិនពិតឱ្យប្រជាពលរដ្ឋជឿ ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ពិសេសរដ្ឋបាលរាជធានីភ្នំពេញឱ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ លុបបំបាត់នូវរាល់បទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ការពារសន្ដិសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋឱ្យបានសប្បាយរីករាយក្នុងឱកាសអបអរសាទរចូលឆ្នាំសាកលនាពេលខាងមុខនេះ។សម្ដេចធិបតី ក៏បានជំរុញដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ពន្លឿនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញនៅតាមខណ្ឌនានាឱ្យបាលឿនដើម្បីបញ្ចៀសទឹកជំនន់ជន់លិចនៅរាជធានីភ្នំពេញ៕

Related Articles

Back to top button