ព័ត៌មានជាតិ

ដំណឹងល្អ៖ រដ្ឋទម្លាក់ថវិកាជាង ៩០លានដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវ ជួយទិញស្រូវកសិករ​.!

ដើម្បីជំរុញការប្រមូលទិញស្រូវ និងរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិការ​បន្ថែមចំនួន ១០លានដុល្លារ លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍បទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ជួយប្រមូលទិញស្រូវពី​កសិករតាមតម្លៃសមស្របជៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តាខេត្តផលិតស្រូវមួយចំនួន ជាពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវ ដែលលក់មាន​ចំនួនច្រើន ក្នុងពេលតែមួយ។

ការណ៍នេះធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវ ពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួល​ធ្លាក់ចុះថ្លៃ បើធៀបនឹងដើមរដូវ។ ដូច្នេះហើយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអំពាវនាវឱ្យប្រជាកសិករ​តាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវាងការប្រមូលផលក្នុងពេលតែមួយព្រមគ្នា ដែលអាចបណ្តាលឱមានការបង្អាប់ថ្លៃស្រូវ។

ពាក់ព័ន្ធនឹងការធ្លាក់ចុះតម្លៃស្រូវនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្រ្តី​សហការ​ជាមួយម្ចាស់រោងម៉ាស៊ីន និងមន្ទីរពាក់ព័ន្ធ ចុះដោះស្រាយបញ្ហាថ្លៃស្រូវ នៅក្នុងគោលដៅពីរគឺ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ជាលទ្ធផល ម្ចាស់រោងម៉ាស៊ីនមួយចំនួន បានស្ម័គ្រចិត្តរក្សាស្ថិរភាពតម្លៃស្រូវឱ្យត្រឹម​១០៤០រៀល​ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវផ្ការំដួល ប្រភេទសើម លេខ១។

លោករដ្ឋមន្រ្តី បានអះអាងថា ក្នុងស្ថានភាពបែបនេះ ក្រុមការងារក្រសួងកសិកម្ម នឹងនៅតែបន្តតាមដានយកចិត្តទុកដាក់ ដោយមិនឱ្យ កសិករបាត់បង់ប្រយោជន៍ដោយគ្មានហេតុផលនោះឡើយ៕

Related Articles

Back to top button