ព័ត៌មានជាតិ

មន្ត្រីជំនាញចុះពិនិត្យ រថយន្តដឹកលើសទម្ងន់ នៅលើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ!

(កណ្ដាល)៖ អាជ្ញាធរខេត្តកណ្ដាល សហការជាមួយ គណៈកម្មាធិការអន្តរក្រសួង រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ។

បានដាក់ជញ្ជីងចល័ត ដើម្បីត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

  

លោក ហាក់ សុខមករា បានឱ្យដឹងថាៈការដាក់ជញ្ជីងចល័តត្រួតពិនិត្យនេះដែរ ក្នុងគោលបំណងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ។
ដើម្បីកាត់បន្ថយការឆាប់ខូចផ្លូវ និងធ្វើឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង ហើយក៏រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដើរមកពីការដឹកលើកទម្ងន់នេះផងដែរ។

លោកអភិបាលរងខេត្តបន្តថាៈ ការដាក់ជញ្ជីងចល័តចុះត្រួតពិនិត្យនេះ គឺបន្តដាក់នៅគ្រប់ទីកន្លែង ពិសេសផ្លូវជាតិសំខាន់ៗដែលកំពុងប្រឈម ទៅនឹងការដឹកលើសទម្ងន់កំណត់ ។
ដែលបណ្ដាលឱ្យឆាប់ខូចផ្លូវ ហើយការដាក់ជញ្ជីងចល័តនេះ គឺនឹងបន្តដាក់ជាប្រចាំដូចភ្លៀងរលឹម។

លោក ហាក់ សុខមករា ក៍បានអំពាវនាវដល់ម្ចាស់ជីវករដឹកជញ្ជូនគ្រប់ប្រភេទ ពិសេសដេប៉ូខ្សាច់ទាំងអស់ សូមកុំដឹកជញ្ជូនឱ្យលើសទម្ងន់ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក គោរពច្បាប់ផ្លូវថ្នល់ និងគោរពច្បាប់ស្ដីពីការដឹកជញ្ជូនលើសទម្ងន់កំណត់។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឱ្យដឹងផងដែរថាៈ ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ក្រោម10% ។
គឺត្រូវផាកពិន័យនៅនឹងកន្លែង ហើយឱ្យពួកគាត់ឬអីវ៉ាន់ចុះ ទើបអនុញ្ញាតឱ្យពួកគាត់បន្តដំណើរ។
ចំពោះរថយន្តដែលដឹកទំនិញលើសល្បឿនកំណត់ចាប់ពី 20% ឡើងទៅ ត្រូវឃាត់រថយន្តទុករយៈពេលមួយឆ្នាំ នឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ដែលបានកំណត់។

សូមបញ្ជាក់ផងដែរថាៈ ក្នុងការចុះត្រួតពិនិត្យនេះដែរ ក្រុមការងារបានត្រួតពិនិត្យលើរថយន្តចំនួន ២០គ្រឿង និងបានរកឃើញរថយន្តមួយគ្រឿងបានដឹកលើសទម្ងន់ចំនួន៥តោន  ៕

  

Related Articles

Back to top button