អគ្គីភ័យលេបត្របាក់ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង នៅស្រុកបរិបូណ៌
កំពង់ឆ្នាំង ៖ លំនៅដ្ឋានរបស់ពលរដ្ឋសង់លើទឹក ២ខ្នង ត្រូវអគ្គិភ័យឆេះខ្ទេចគ្នានសល់ និងមួយខ្នងទៀត អស់៥០ភាគរយ ផ្តើមចេញពីផ្ទុះកំប៉ុងហ្គាស ឆេះរាលដល់សាំង កាន់តែខ្លាំងឡើងបង្កឲ្យភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ពលរដ្ឋនាំគ្នាប្រើម៉ាសុីនបូមទឹកបាញ់ ខណៈដែលពុំមានផ្លូវរថយន្តចូលទៅជួយកើត ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះពលរដ្ឋនៅតំបន់នោះ រើមកពីក្នុងទឹកបឹងទន្លេសាប នាំគ្នាទៅសង់ទីនោះ ក្នុងទំហំ១៣ម៉ែត្រx២០ម៉ែត្រ ស្មើៗគ្នា តែនៅលើទឹក ពុំមានផ្លូវរថយន្ត ម៉ូតូចូលកើតទេ ពលរដ្ឋប្រើទូក កាណូត ខែប្រាំងទើបគោក ។
ម្ចាស់ផ្ទះរងគ្រោះ ៖ ឈ្មោះ ប៊ុន ណារិទ្ធ ហៅហុង អាយុ៥០ឆ្នាំ មុខរបរ លក់សាំង លក់ហ្គាស , ឈ្មោះ សាង , ចំណែកម្ចាស់ផ្ទះមួយខ្នងទៀត ពុំទាន់ដឹងឈ្មោះ ។
តាមប្រភពបានឲ្យដឹងថា គ្រោះអគ្គិភ័ខាងលើ ផ្តើមចេញពីផ្ទុះកំប៉ុងហ្គាស នៅផ្ទះអ្នកលក់ដូរ ភ្លើងឆេះរាលដល់ផ្ទះ២ខ្នងជាប់គ្នាទៀត ។ ភ្លាមៗត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាប្រើប្រាស់ម៉ាសុីនបូមទឹក ច្រើនគ្រឿងបាញ់ទឹកពន្លត់ភ្លើង ខណៈដែលរថយននតពន្លត់អគ្គិភ័យចូលទៅជួយមិនកើតព្រោះគ្មានផ្លូវបើក ។
ផ្ទះចំនួន២ខ្នងភ្លើងឆេះខ្ទេចគ្មានសល់ និងមួយខ្នងទៀតភ្លើងឆេះអស់៥០ភាគរយ ទ្រព្យសម្បត្តិជាច្រើនរងខូចខាត ហើយសមត្ថកិច្ចបន្តស្រាវជ្រាវបន្ថែមទៀត ៕