ព័ត៌មានអន្ដរជាតិ

រុស្ស៊ីអះអាងថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនខ្លួនឯងខុសបច្ចេកទេសបានវាយប្រហារលើទីតាំងជនស៊ីវិលក្នុងទីក្រុងគីវ

រុស្ស៊ី៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានបដិសេធការចោទប្រកាន់ពីប្រទេសអ៊ុយក្រែនដែលបានលើកឡើងថា គ្រាប់មីស៊ីលរបស់ខ្លួនបានធើ្វការវាយប្រហារមកលើទីតាំងជនស៊ីវិលជាច្រើនកន្លែងក្នុងទីក្រុង Kyiv ក្នុងរយៈពេលប្រមាណ ១សប្តាហ៍មកនេះ ដោយបានដាក់ការសង្ស័យត្រឡប់ទៅវិញលើកំហុសឆ្គងផ្នែកបច្ចេកទេសរបស់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។

ចាប់តាំងមានជំនួបរបស់ក្រុមមេដឹកនាំប្រទេសលោកខាងលិចក្នុងកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសអាល្លឺម៉ង់កាលពីពេលថ្មីៗនេះមក ទីក្រុង Kyiv របស់អ៊ុយក្រែនដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់នោះ បានរងការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់និងធើ្វឱ្យខូចខាតសំណង់អគារស្នាក់នៅរួមទំាងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួន រងការវាយប្រហារ ខណៈដែលលោកប្រធានាធិបតីអាម៉េរិក Joe Biden ចាត់ទុកថាជាភស្តុតាងមួយយ៉ាងច្បាស់លាស់បញ្ជាក់អំពីភាពសាហាវឃោរឃៅរបស់ប្រទេសរុស្ស៊ីក្នុងការធើ្វសង្គ្រាមឈ្លានពានមកលើប្រទេសអ៊ុយក្រែន។

ជុំវិញបញ្ហានេះដែរ ក្រសួងការពារជាតិរបស់រុស្ស៊ីបានថ្លែងបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ កងកម្លាំងរបស់ខ្លួនបានធើ្វការបាញ់គ្រាប់មីស៊ីលចំនួន ៤គ្រាប់សំដៅទៅលើទីតាំងយោធារបស់អ៊ុយក្រែននៅក្នុងទីក្រុង Kyiv ប៉ុន្តែវាអាចបណ្ដាលមកពីបញ្ហាបច្ចេកទេសរួមនិងកង្វះខាតគ្រឿងឧបករណ៍ Radar កំណត់សញ្ញាច្បាស់លាស់ទើបបង្កឱ្យមានកំហុសខុសគោលដៅបែបនេះ ៕

Related Articles

Back to top button