ភ្លើងប្រច័ណ្ឌ យុវជនម្នាក់យកខ្សែរឹតកសម្លាប់សង្សារ រួចដេកក្បែរសាកសពរហូតដល់ហើមស្អុយ
សៀមរាប៖ បុរសម្នាក់បានយកខ្សែរីដូបង្អួចទៅរឹតកនារីជាសង្សារហូតដល់ស្លាប់។ បន្ទាប់ពីសម្លាប់រួច បុរសរូបនេះមិនបានចេញទៅណាទេ គឺនៅដេកលើគ្រែក្បែរសាកសពនារីជាសង្សារហូតដល់សពហើមស្អុយ ទើបផ្អើលដល់អ្នកជិតខាងប្តឹងទៅសមត្ថកិច្ច។
មន្ត្រីនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកäថ្ងៃទី២៤ ខែមិថុនា នេះថា កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានក្លិនស្អុយចេញពីបន្ទប់ជួល ក្រោយសាលាបឋមសិក្សាបន្ទាយចាស់ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បន្ទាប់ពីទទួលបានដំណឹង កម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តសៀមរាប បានចុះពិនិត្យកន្លែងកើតហេតុ។ ពេលសមត្ថកិច្ចចុះទៅដល់ទីតាំងបន្ទប់ជួលខាងលើ ពិតជាមានធុំក្លិនស្អុយមែន ប៉ុន្តែបន្ទប់ចាក់សោរពីក្រៅ ទើបសម្រេចទម្លុះទ្វារបន្ទប់ចូលពិនិត្យមើលទើបប្រទះឃើញសាកសពគ្របភួយ និងជនសង្ស័យដេកក្បែរសាកសពទៀតផង។
ប្រភពបន្តថា សពជនរងគ្រោះ ឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ អ៊ុត សក់ នៅក្នុងផ្សារលើធំថ្មី មាន ស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារខ្នាតតូច មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ទៀតថា បើតាមការឆ្លើយសារភាពរបស់ជន សង្ស័យ ថា ខ្លួនពិតជាបានសម្លាប់ជន រងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរីដូវាំងននរឹតក ជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗ ហើយរូបគេ គេងនៅជាមួយសាកសពទៀតផងដែរមិនបានរត់គេចខ្លួនទៅណាទេ។
តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ និង ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារ ការរឹត កបណ្ដាលឱ្យស្លាប់ប្រាកដមែន៕