ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ និង អភិបាលខេត្តបាត់ដំបងជួបប្រជុំពិភាក្សាការងារជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ

អភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានជួបប្រជុំពិភាក្សាជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ នៅទីស្នាក់ការអន្តរជាតិក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រះកែវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សម្ព័ន្ធមេត្រីភាព និងដោះស្រាយកិច្ចការងារមួយចំនួន។

ប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក ធូ ភាអភិបាលរងខេត្តបាត់ដំបង ដោយឡែកភាគីថៃដឹកនាំដោយ ឯកឧត្តម បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រះកែវ ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងកងកម្លាំប្រដាប់អាវុធជាច្រើនរូបទៀត។

កិច្ចប្រជុំភាគីទាំង២ បានពិភាក្សា ដើម្បីសម្របសម្រួលបន្ថែមនៃកិច្ចដំណើរការច្រកជាប់ព្រំដែនខេត្តបន្ទាយមានជ័យរួមមាន៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺពិភាក្សាការប្រើប្រាស់ប័ណ្ណព្រំដែន អនុញ្ញាត្តឲ្យចេញចូលហើយកន្លងមកនេះ តែសូមអោយប្រើប្រាស់យានយន្តអាចចេញចូលបន្ថែមទៀត ពិភាក្សាការបើកបណ្តោះអាសន្នច្រកស្ទឹងបត់ និង ពិភាក្សាការបើកច្រក៤៣ រីឯខេត្តបាត់ដំបងសម្របសម្រួលបន្ថែមដំណើរច្រកទ្វារអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រះកែវ។

ក្នុងកិច្ចពិភាក្សាទាំងប៉ុន្មានចំណុចខាងលើមិនទាន់មានការសម្រេចជាផ្លូវការនោះទេ គឺភាគីទាំង៣ខេត្ត បានរៀបចំបង្កើតឲ្យមានគណៈកម្មាការរួមមួយ ដែលដឹកនាំដោយអភិបាលរងខេត្តមួយរូប ដើម្បី ពិនិត្យសិក្សាលម្អិតបន្ថែម ហើយភាគីខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នឹងមានបើកកិច្ចប្រជុំមួយទៀត នៅសាលាខេត្តបន្ទាយមានជ័យ នៅក្នុងសប្តាហ៍ទី៣ នៃខែកក្កដាខាងមុខនេះ ដើម្បីពិនិត្យសម្រេចជាលទ្ធផល។

ក្នុងប្រជុំពិភាក្សាភាគីថៃ បានទទួលយកសំណើ កិច្ចពិភាក្សា ដើម្បីស្នើសុំបន្តទៅថ្នាក់ដឹកនាំរដ្ឋាភិបាលថៃរបស់ពួកគេ ដើម្បីសម្រេចពេលក្រោយ ហើយកម្ពុជានឹងស្នើសុំគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាលផងដែរ៕

Related Articles

Back to top button