ព័ត៌មានជាតិ

រថយន្តដឹកជ្រូកខុសច្បាប់ បើកបុកក្រុមសមត្ថកិច្ចក្នុងពេលចុះង្ក្រាប នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

 

ត្បូងឃ្មុំ៖ ឈ្មួញដឹកសត្វជ្រូកខុសច្បាប់បានទាល់ច្រក នៅពេលដែលសមត្ថកិច្ចបើករថយន្តតាមឃាត់ពួកគេ ដែលព្យាយាមបើករត់គេច បានបើកបំបុករថយន្តសមត្ថកិច្ច បានក្លាយទៅជាគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។ ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ក្រុមជនសង្ស័យ ៤នាក់ បញ្ជូនទៅចាត់ការតាមច្បាប់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

លោក ហ៊ុន សារ៉ាត់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្រុមឈ្មួញបាននាំសត្វជ្រូករស់ចូលដោយគ្មានច្បាប់ពីប្រទេសវៀតណាម កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវលំ ស្ថិតក្នុងភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃុំ។ ដោយឃើញករណីនេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះស្ទាក់ចាប់រថយន្ត ១គ្រឿង ម៉ាក Ssangyong istana ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី គ្មានស្លាកលេខ ដឹកសត្វជ្រូករស់ចំនួន ៣២ក្បាល ដោយគ្មានលិខិតអនុញ្ញាតចូលពីប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជា តាមច្រករបៀងព្រំដែនក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងនឹងយកទៅចែកចាយ នៅក្រុងសួង។

ខណៈដែលសមត្ថកិច្ចកំពុងតាមឃាត់នោះ អ្នកបើករថយន្តដឹកសត្វចូលដោយគ្មានច្បាប់ មិនត្រឹមតែមិនព្រមឈប់ ថែមទាំងបើកឡានដេញបុករថយន្តរបស់សមត្ថកិច្ចទៀតផង។ រថយន្តក្រុមសមត្ថកិច្ចបានឃើញ បានព្យាយាមបើកគេច ប៉ុន្តែនៅតែរងគ្រោះដោយសារតែរថយន្តរបស់ពួកជនល្មើសមានចេតនាបើកបំបុក។
ក្រោយពីកើតហេតុ ក្រុមមន្ត្រីបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ដើម្បីយកសំណាកទៅវិភាគ តាមបែបវេជ្ជសាស្ត្រ ដើម្បីរកជំងឺដែរនៅលើសត្វជ្រូក រួចធ្វើការដោះស្រាយទៅតាមច្បាប់ ដែលនឹងត្រូវពិន័យ ឬអាចឈានដល់ដុតកម្ទេចចោលសត្វទាំងនោះ។ ចំណែកអ្នកនាំជ្រូកចូលដោយគ្មានច្បាប់ចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន និងបន្តនីតិវិធីតាមច្បាប់៕

 

Related Articles

Back to top button