ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាឱ្យកម្លាំងអង្គភាពទាំង៣ ចុះបង្ក្រាប​ល្បែង​សុី​សង​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានចេញ​សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​ចុះបង្ក្រាប​ការលេង​ល្បែង​សុីសងខុសច្បាប់គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យយ៉ាងហ្មឺងម៉ាត់។ នេះ​បើតាម​សេចក្តីសម្រេច​ស្តីពី ការបង្កើត​ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែង​សុីសង ខុសច្បាប់​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២។

ក្រោយទទួលបានបទបញ្ជាការដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយ នៅវេលាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ុំ រាត្រី បានដឹកនាំគណ:បញ្ជាការឯកភាព រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដឹកនាំអនុវត្តកិច្ចការងារ បង្រ្កាបការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឲ្យមានប្រសិទ្ធិភាពខ្ពស់ មានល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៉ីបញ្ចាំខុសច្បាប់ផង។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ត្រូវបង្ក្រាបស្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់នៅពីក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានកុងស៊ីបញ្ចាំខុសច្បាប់នានាផងដែរ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ដោយសហការជាមួយតំណាងអយ្យការ ដែលមាននៅតាមបណ្តាក្រុង ស្រុក ចុះបង្ក្រាបភ្លាមៗ ចំពោះកុងស៊ីបញ្ចាំខុសច្បាប់ ក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ នេះជាដើមចមបង្កឲ្យមានបទល្មើស លួចឆក់ប្លន់។

ម្យ៉ាងវិញទៀត ល្បែងស៉ីសងទាំងនេះមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ។ ផ្ទុយទៅវិញបាននាំឲ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែងត្រូវលក់គោ លក់ក្របី ផ្ទះសម្បែង ដោយសារតែល្បែងតែប៉ុណ្ណោះ៕

Related Articles

Back to top button