ព័ត៌មានជាតិ

បាញ់៤គ្រាប់រួចចូលសម្ងំដេកក្នុងផ្ទះ សមត្ថកិច្ចឡោមព័ទ្ធមួយយប់លុះព្រឹកឡើងឃាត់ខ្លួនតែម្តង !

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សុឹង ប៊ុនណា យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធជាច្រើនគ្រាប់កាលពីយប់មិញ ។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅភូមិកើតហេតុខាងលើ។

ប្រភពបានបន្តថា ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤គ្រាប់ ដោយអាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សី ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។

ក្រោយមកកម្លាំងសមត្ថកិច្ចបានហ៊ុមព័ទ្ធខាងក្រៅផ្ទះតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង ថេង សំណាង ឈានដល់ការនាំខ្លួន ជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ មាន០៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី ៕

Related Articles

Back to top button