ទីបំផុត សមត្ថកិច្ចចាប់បានក្រុមចោរ០៣នាក់ ដែលកា…ប់ ប្ល…ន់រថយន្ត ពីអ្នករត់តាក់ស៊ីនៅក្រុងព្រះសីហនុ បានហើយ!
ព្រះសីហនុ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការ បង្ក្រាបករណីកាប់ប្លន់រថយន្ត មិនបានសម្រេច កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច ផ្លូវ អូរ២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹង ថាប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ក្រោយទទួលបាន បទបញ្ជាផ្ទាល់ លោក ឧត្តមសេនីយ៍ទោ ជាវ វិបុល បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ធ្វើការបង្ក្រាបឃាត់ខ្លួនបាន ០៣នាក់ នាយប់ថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២២នៅចំណុច ផ្ទះសំណាក់គ្មានស្លាកយីហោ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងនៅចំណុចមុខ ផ្ទះអ៊ីនធឺណេត សង្កាត់ ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង០៣នាក់ ដែលត្រូវកម្លាំងជំនាញរួមដៃគ្នាបង្ក្រាបបាននេះ ទី១៖ ឈ្មោះ សួន សារ៉ាត ភេទប្រុស អាយុ ៤៣, ទី២៖ ឈ្មោះ ស្រូយ ស្រស់ ភេទប្រុសអាយុ ៤១, ទី៣៖ ឈ្មោះ យ៉ែម លីហួរ ភេទប្រុស អាយុ ៣១ឆ្នាំ ជនសង្ស័យទាំង ០៣ ធ្លាប់ជាប់ពន្ធនាគារ ។
ពេលនេះ ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕