ព័ត៌មានជាតិ

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំបើកកិច្ចប្រជុំលើកទី១ លើការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

(ភ្នំពេញ)៖ ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស.) បានបើកកិច្ចប្រជុំលើកទី១ លើការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដើម្បីជំរុញនិងលើកកម្ពស់សុខុមាលភាពសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ តាមរយៈការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងឱ្យមានសណ្តាប់ធ្នាប់ល្អ។

កិច្ចប្រជុំដែរបានធ្វើឡើង​នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងមានចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារ និងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារ និងមានការចូលរួមពីតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលជា សមាជិក ក.គ.ផ.ស.។

ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ( ក.គ.ផ.ស. ) ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ហើយក្រុមការងារនេះមានភារកិច្ច ដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង, តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។

ក្រុមការងារនេះក៏មានភារកិច្ចកំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់ និងជំរុញការប្រកួតប្រជែងដោយសុចរិត រៀបចំសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព៕

Related Articles

Back to top button