ប្រជាពលរដ្ឋរស់នៅភូមិទំនប់ក៥ សុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ ខណៈជំនាញចុះវាស់វែងធ្វើប្លង់ប្រព័ន្ធមានអ្នកប្តឹងជំទាស់
ចេញផ្សាយ ថ្ងៃទី 12/01/2025
ប្រជាពលរដ្ឋរស់នៅភូមិទំនប់ក៥ សុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ ខណៈជំនាញចុះវាស់វែងធ្វើប្លង់ប្រព័ន្ធមានអ្នកប្តឹងជំទាស់
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅភូមិទំនប់ក៥ប្រមានជិត៧០០គ្រួសារសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ ខណៈជំនាញចុះវាស់វែងមានអ្នកប្តឹងជំទាស់ ខកខាននូវការវាស់វែងចុះបញ្ជីធ្វើប្លង់ប្រព័ន្ធជូនពួកគាត់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅបរិវេនវត្តទំនប់ក៥ ក្នុងភូមិក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីប្រជាពលរដ្ឋបាននាំគ្នាតវ៉ាសុំអន្តរាគមន៍ពីអាជ្ញាធរ ឲ្យជួយរកដំណោះស្រាយ ឃើញមានវត្តមាន ឯកឧត្តមបណ្ឌិតប៉ាន់ ខែមប៊ុនថន នាយករងខុទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អង្គភាពពាក់ព័ន្ធ ចុះមកសម្របសម្រួល ជាមួយប្រជាពលរដ្ឋ។
លោក ឈុន ស៊្រាង មេភូមិទំនប់ក៥ បានប្រាប់ឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងក្នុងភូមិទំនប់ក៥ មាន៦៩០គ្រួសារ ហើយមានដីខ្លះម្ចាស់មិនបានរស់នៅ ដែលមានអ្នកប្តឹងជំទាស់ មិនឲ្យជំនាញចុះវាស់វែងចុះបញ្ជីធ្វើប្លង់ប្រព័ន្ធ ទើបនាំគ្នាតវ៉ាសុំអន្តរាគមន៍ពីអាជ្ញាធរឲ្យជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិតប៉ាន់ ខែម ប៊ុនថន បានមានប្រសាសន៍ថា៖ ចំពោះបញ្ហានេះ ឯកឧត្តមរួមទាំងអាជ្ញាធរ មន្ត្រីជំនាញ ខិតខំរកដំណោះស្រាយជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រៀមឯកសារ និងបំពេញបែបបទជាមួយអាជ្ញាធរ ដើម្បីយកដោះស្រាយជាមួយភាគីម្ខាងទៀតនៅពេលឆាប់ៗដ៏ខ្លីខាងមុខនេះ៕