Uncategorized

ទូក “ង” ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា ត្រៀមប្រណាំងថ្នាក់ជាតិនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំ២០២៤

បន្ទាយមានជ័យ៖ ទូក “ង” ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា ត្រៀមប្រណាំងថ្នាក់ជាតិនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែឆ្នាំ២០២៤នេះ នៅថ្ងៃទី១៤.១៥.១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងទន្លេ ចតុមុខ មុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ ទូក “ង” បុរសចំណុះ២២នាក់ ខ្នាតអន្តរជាតិ មានឈ្មោះ ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា តំណាងឲ្យរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងធ្វើការអុំប្រណាំងប្រជែងនៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅថ្ងៃទី១៤.១៥.១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។


ឯកឧត្កមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បញ្ជាក់ថា៖ នេះជាលើកទី១ហើយ ដែលក្រុងប៉ោយប៉ែត បានរៀបចំទូក “ង” ខ្នាតអន្តរជាតិ តំណាងឲ្យរដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើការប្រណាំងប្រជែងថ្នាក់ជាតិនៅរាជធានីភ្នំពេញ ដែលឯកឧត្តមបណ្ឌិត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សេចក្តីទុកចិត្ត ដឹកនាំក្រុមការងារមកពង្រឹង ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត។ ទូក “ង” ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមានេះ ត្រូវបានផ្តួចផ្តើមដោយ ឯកឧត្តមផ្ទាល់ និងក្រុមការងារ រួមទាំងរដ្ឋបាលក្រុងប៉ោយប៉ែត មានចំណុះ ២២នាក់ អុំដោយបុរស ក្រុមយុវជនស្រឡាញ់សន្តិភាព។


ឯកឧត្តបណ្ឌិត ប៉ាន់ខែម ប៊ុនថន បញ្ជាក់ថា៖ នៅក្នុងអាណត្តិដែលឯកឧត្តមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតនេះ ឯកឧត្តម និងក្រុមការងារ រួមជាមួយរដ្ឋបាលក្រុងប៉ោយប៉ែតសូម ប្តេជ្ញាថា រាល់វិស័យកីឡាដែលមានបង្ហាញ ឬប្រកួតប្រជែងទាំងអស់ ដែលនៅតាមបណ្តារាជធានី/ខេត្តនៅក្នុងប្រទេសកម្ពុជាមាន ក្រុងប៉ោយប៉ែតត្រូវតែមានដូចគ្នាដើម្បីបង្ហាញមុខមាត់របស់ក្រុងប៉ោយប៉ែត។
សូមបញ្ជាក់ថា៖ ថ្វីត្បិតតែនេះ ជាលើកទី១ ឬឆ្នាំទី១ ដែលក្រុងប៉ោយប៉ែត មានទូក “ង”តំណាងក្រុងធ្វើបង្ហាញការខ្លួនប្រណាំងប្រជែងថ្នាក់ជាតិ ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០២៤ ក៏ពិតមែន តែក្រុមកីឡាករអុំទូកបុរស ទូក “ង” ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា ប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជំនះលើកមុខមាត់ ក្រុងប៉ោយប៉ែតឲ្យបាន៕

Related Articles

Leave a Reply

Back to top button