ព័ត៌មានកម្សាន្ដ

បុរសម្នាក់យកកាំបិតចាក់បងប្អូនជីដូនមួយស្លាប់ក្នុងថ្លុកឈាមដោយសាររឿងគំនុំគ្រួសារ

ខេត្តព្រៃវែង៖ រឿងគំនុំគ្រួសារ បុរសម្នាក់បានយកកាំបិតចាក់សម្លាប់បងប្អូនជីដូនមួយបណ្ដាលឱ្យស្លាប់ក្នុងនៅថ្លុកឈាម ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិក្រាំងចិន ឃុំក្រាំងត្រយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។

លោកអធិការនគរបាលស្រុកពាមជរ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីកម្លាំងប៉ុស្តិ៍នគរបាលឃុំក្រាំងត្រយ៉ង ថាមានករណីឃាតកម្មចាក់សម្លាប់នៅមូលដ្ឋាន លោកស្នងការនគរបាលខេត្តព្រៃវែង និងលោក ពៅ ជីវី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដាក់បទបញ្ជាឱ្យកម្លាំងចុះស្រាវជ្រាវបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដើម្បីធ្វើការសាកសួរជុំវិញរឿងឃាតកម្មនេះ។

លោកបានបន្ត ថាករណីឃាតកម្មបង្កឡើងដោយជនសង្ស័យឈ្មោះ កុយ ភាន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិក្រាំងចិន ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង បានយកកាំបិតទៅចាក់លើឈ្មោះ រ៉េត រ៉ាយ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួយគ្នាបណ្ដាលឱ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។

ប្រភពនៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានធ្វើដំណើរទៅបង់សំណាញ់នៅចំណុចប្រឡាយទឹកចម្ងាយពីភូមិ៧០០ម៉ែត្រ ដូចសព្វមួយដង កំពុងតែដើរសុខៗស្រាប់តែជនសង្ស័យឈ្មោះ កុយ ភាន នេះរត់មកពីក្រោយជនរងគ្រោះ ចាក់ជាច្រើនកំបិតបណ្តាលឱ្យស្លាប់ភ្លាមៗ ក្រោយពីធ្វើសកម្មភាពរួចត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីចាត់ការតាមច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Related Articles

Back to top button