ព័ត៌មានជាតិ

ក្រុមហ៊ុន CCCC ជម្រាបជូនសម្ដេចតេជោ ហ៊ុន សែនថា ផ្លូវ៥០សេ តភ្ជាប់ពីកំពង់ធំទៅកំពង់ឆ្នាំង និងកំណាត់ផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញប្រមាណជា២០ គីឡូម៉ែត្រ បានសិក្សាចប់សព្វគ្រប់ហើយ

ក្រុមហ៊ុន CCCC ជម្រាបជូនសម្ដេចតេជោ ហ៊ុន សែនថា ផ្លូវ៥០សេ តភ្ជាប់ពីកំពង់ធំទៅកំពង់ឆ្នាំង និងកំណាត់ផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញប្រមាណជា២០ គីឡូម៉ែត្រ បានសិក្សាចប់សព្វគ្រប់ហើយ
ចេញផ្សាយ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៤
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ – សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន CCCC (China Communication Contruction Corporation) ដែលដឹកនាំដោយលោក ឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។

ក្នុងជំនួបលោកអនុប្រធានក្រុមហ៊ុន CCCC (China Communication Contruction Corporation) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន china road and bridge ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅកាន់ក្រុងព្រះសីហនុ កំពុងការកសាងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប ពីសៀមរាបទៅប៉ោយប៉ែត ហើយនិងសិក្សាគម្រោងព្រែកជីកហ្វូណតេជោ បានរាយការណ៍ជំរាបពីការងារគម្រោងសាងសង់របស់លោកជូនដល់សម្ដេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏សំខាន់សម្រាប់កម្ពុជា។ លោកអនុប្រធានក្រុមហ៊ុនបានគោរពជម្រាបសម្ដេចតេជោ ហ៊ុន សែន ថា លោកបានយល់ពីសារសំខាន់គម្រោងប្រវត្តិសាស្រ្តនេះរបស់កម្ពុជា។ លោកអនុប្រធានក្រុមហ៊ុនបានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា លោកនឹងខិតខំប្រឹងប្រែងឱ្យគម្រោងព្រែកជីកហ្វូណនតេជោ បានចេញជារូបរាងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកអនុប្រធានក្រុមហ៊ុន ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ពីផ្លូវដែលក្រុមហ៊ុនរបស់លោកបានសិក្សារួចហើយ គឺផ្លូវ ៥០សេ តភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង ។ មួយទៀត គឺផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញប្រមាណជា២០ គីឡូម៉ែត្រ ដែលផ្លូវខូចធ្វើមិនចេះជាប់ទេ ដោយក្រុមហ៊ុនរបស់លោកបានសិក្សាចប់សព្វគ្រប់ហើយ។ ក្នុងន័យនេះលោកអនុប្រធានក្រុមហ៊ុន បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយជំរុញមិត្តចិនទម្លាក់ថវិកាដើម្បីក្រុមហ៊ុនយកទៅសាងសង ដោយសារក្រុមហ៊ុនរបស់លោកបានជួយថែរក្សាផ្លូវនោះ រយៈពេល២ឆ្នាំមកហើយ ៕

Related Articles

Back to top button