ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន បូណា ត្រូវចាត់តាំងជាអ្នកពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន

នៅ ថ្ងៃសៅរ៍ ៤ កុម្ភៈ ២០២៣ដោយ រស្មីFBR
ក្នុងនាមជារដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ប៉ែន បូណា ត្រូវបានចាត់តាំងឲ្យទទួលបន្ទុកការងារពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា។ នេះបើតាមសេចក្ដីសម្រេចរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលសារព័ត៌មាន«FBRTV hot news»ទទួលបាននៅថ្ងៃនេះ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ឲ្យទទួលបន្ទុកការងារសម្របសម្រួល ពង្រឹកប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មាន។

ការប្រគល់ភារកិច្ចដល់ឯកឧត្តម ប៉ែន បូណា គឺធ្វើឡើងបន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួនគឺមិនបានគោរព និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវ ហើយបុគ្គលជាអ្នកសារព័ត៌មានខ្លះបានបំពេញតួនាទីហួស ដែនសមត្ថភាពរបស់ខ្លួន ដោយរំលោភទៅលើសិទ្ធិអ្នកដទៃជាដើម។

ករណីជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោក សុវណ្ណ រិទ្ធី ដែលជាអ្នកសារព័ត៌មានអនឡាញ បានរងការរិះគន់ពីមជ្ឈដ្ឋាននានា ខណៈដែលលោកបានធ្វើលើសតួនាទីជាអ្នកសារព័ត៌មានក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វា កាលពីយប់ថ្ងៃទី ២៣ ខែមករា កន្លងទៅ។


ពាក់ព័ន្ធនឹងករណីនេះដែរ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ សម្តេច តេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល បានណែនាំឲ្យឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកសារព័ត៌មាន​អនឡាញ​មកអប់រំអំពីក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សុំកុំឲ្យមានការកើតឡើងនូវរឿងហេតុបែបនេះតទៅទៀត ដោយសម្ដេចចាត់ទុកករណីលោក សុវណ្ណ រិទ្ធី ជាបទពិសោធន៍ និងជាមេរៀនសម្រាប់អ្នកសារព័ត៌មានផ្សេងទៀត៕

 

Related Articles

Back to top button