ជំនន់ខុសរដូវបង្ខំឱ្យព្រះសង្ឃវត្តចំការខ្សាច់មួយចំនួនជម្លៀសទៅគង់នៅផ្ទះពលរដ្ឋបណ្ដោះអាសន្ន
ព្រះសង្ឃមួយចំនួនដែលគង់នៅក្នុងវត្តចំការខ្សាច់ ស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានជម្លៀសទៅគង់នៅផ្ទះប្រជាពលរដ្ឋជាបណ្ដោះអាសន្ន ខណៈព្រះសង្ឃមួយចំនួនទៀតកំពុងបន្តគង់នៅតាមព្រះវិហារ ក្រោយពីជំនន់ទឹកភ្លៀងដែលហូរចាក់មកពីស្ទឹងព្រែកត្នោតបានជន់លិចទីតាំងវត្តនេះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ នេះបើតាមសង្ឃដីការបស់ព្រះតេជគុណឈឿន ឈូក ចៅអធិការវត្តចំការខ្សាច់បានថ្លែងប្រាប់វិទ្យុវាយោ នៅថ្ងៃទី១៦មករានេះ។
មូលហេតុដែលបណ្ដាលឱ្យទីតាំងវត្តចំការខ្សាច់រងនូវការជន់លិចបែបនេះ គឺដោយសារតែវត្តនេះស្ថិតនៅលើទីតាំងសណ្ដក្រៅស្ទឹង ដូច្នេះនៅពេលដែលទឹកជន់ឡើង ធ្វើឱ្យបរិវេណវត្តនេះឆាប់រងការជន់លិចណាស់។ ប៉ុន្តែយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី១៦ ខែមករានេះ ស្ថានភាពទឹកហាក់បានស្រកចុះបន្តិចហើយ។
បើតាមព្រះតេជគុណឈឿន ឈូក បានមានសង្ឃដីកាបញ្ជាក់ឱ្យដឹងទៀតថា វត្តចំការខ្សាច់មានព្រះសង្ឃគង់នៅសរុបចំនួន៤៧អង្គ។ ដោយឡែកចំពោះដូនជី និងតាអាចារ្យមានចំនួន៥នាក់ ព្រមទាំងសិស្សនិស្សិតដែលស្នាក់នៅក្នុងវត្តនេះមានប្រមាណជាង១០នាក់៕