ព័ត៌មានជាតិ

ឃុំខ្លួនជនត្រូវចោទប្រុសស្រី២នាក់ ករណីគ្រឿងញៀនជាង២គីឡូ

ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំជនត្រូវចោទប្រុសស្រី២ នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ. រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង២គីឡូ។

ជនត្រូវចោទទី១.ឈ្មោះ គួង កន្និថា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២.ឈ្មោះ ហួរ លាងហាក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិក្រោលគោ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវរហូតធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីជនទាំង២នាក់បានជួញដូរថ្នាំញៀនយ៉ាងសកម្មពីភ្នំពេញទៅតាមបណ្តាខេត្តនានា ដោយប្រើល្បិចធ្វើជាផ្ញើអ៊ីវ៉ាន់តាមរយះក្រុមហ៊ុន ដឹកជញ្ចូនមួយ ជាបន្តបន្ទាប់កន្លងមក ។បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប្រឆាំងគ្រឿង ញៀ.ន ខណ្ឌច្បារអំពៅ បានចុះទៅដល់ទីតាំងក្រុមហ៊ុន នឹងបានបើកការស្រាវជ្រាវតាំងពីថ្ងៃទទួលបានព័ត៌មាន រហូតឈានដល់ការកំណត់បានពីទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ក៏ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធទាំង២នាក់ បាននៅចំណុចផ្ទះលេខ 2F ផ្លូវលេខ192 ក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយដកហូតថ្នាំញៀ.នមួយចំនួន ផងដែរ ។

សូមបញ្ជាក់ថា ក្នុងការបង្ក្រាបខាងលើនេះ សមត្ថកិច្ចបាន ដកហូតបានថ្នាំញៀនជាង២គីឡូក្រាម រួមទាំងដកហូតបានរថយន្តឡិច ស៊ិស៤៧០ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-5587 ៕

Related Articles

Back to top button